បរទេស៖ លោក Pichit Chaimongkol មេដឹកនាំបណ្តាញនិស្សិត និងប្រជាជន ដើម្បីកំណែទម្រង់ប្រទេសថៃ បានចោទប្រកាន់នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra ថា ជា “តំណភ្ជាប់ខ្សោយបំផុត” របស់ប្រទេសថៃ ហើយបានបន្ទោសលោកស្រីនាយករដ្ឋមន្រ្តីចំពោះអ្វីដែលគាត់បានពិពណ៌នាថា ជាដំណើរធ្លាក់ចុះរបស់ប្រទេស។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មេដឹកនាំបណ្តាញនិស្សិត និងប្រជាជន រូបនេះ បានថ្លែងសុន្ទរកថាដោយរិះគន់យ៉ាងចាស់ដៃ ក្នុងការជួបជុំប្រឆាំងរដ្ឋាភិបាលនៅវិមានជ័យជំនះ ក្នុងទីក្រុងបាងកក នៅថ្ងៃសៅរ៍នេះ។
ក្នុងការប្រមូលផ្តុំហ្វូងបាតុករនោះ លោក Pichit បាននិយាយថា ក្រុមអ្នកតវ៉ាបានត្រៀមជាមួយគ្រូបង្វឹករបស់ពួកគេ ហើយបានបង្ហាញពីភាពក្លាហានក្នុងការការពារអធិបតេយ្យភាពជាតិ។ លោកបាននិយាយថា មនុស្សជាច្រើនមានអារម្មណ៍មិនស្រួលកាន់តែខ្លាំងឡើងចាប់តាំងពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣ ជាថ្ងៃដែលអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រាត្រឡប់មកប្រទេសថៃវិញ ហើយលោក Srettha Thavisin ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រី។
ពេលនោះ លោកបានអះអាងថា បានសម្គាល់ការដួលរលំនៃប្រព័ន្ធយុត្តិធម៌ និងការវិលត្រឡប់មកវិញនៃរដ្ឋាភិបាលដែលគ្រប់គ្រងដោយរាជវង្សនយោបាយរបស់លោក ថាក់ស៊ីន៕
ប្រែសម្រួលៈ ណៃ តុលា
