ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញ​ជប៉ុន​ដែល​ត្រូវ​បាន​ទម្លាក់​គ្រាប់​បែក​បរមាណូ ក្រោកឈរ​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​របស់​អាមេរិក

kyodo

តេអេរ៉ង់៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសជប៉ុន លោក Peiman Seadat បានជំរុញឱ្យទីក្រុងតូក្យូឈរប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើរោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសរបស់លោក បន្ទាប់ពីសុន្ទរកថារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំប្រដូចការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅនឹងការទម្លាក់គ្រាប់បែកបរមាណូនៅឆ្នាំ១៩៤៥ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី។

លោកឯកអគ្គរដ្ឋទូតបាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មានក្យូដូថា ការអត្ថាធិប្បាយនេះគឺជាការប្រមាថមិនត្រឹមតែចំពោះអ៊ីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់របស់ពិភពលោកដែលបានទទួលរងការទម្លាក់គ្រាប់បែកបរមាណូ។

លោក Seadat បាន​លើកឡើងថា ជប៉ុន​គួរ​តែ​លើក​ “បង្កើនសំឡេង​ខ្លាំង” ដោយ​បន្ថែម​ថា សំឡេង​របស់​ជប៉ុន​គឺ “សំខាន់” សម្រាប់​សហគមន៍​អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កិច្ចសម្ភាសន៍នេះធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ជប៉ុន បានទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ។  អ៊ីស្រាអែល និងអ៊ីរ៉ង់ បានចូលរួមនៅក្នុងជម្លោះសងសឹកទៅវិញទៅមក បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើគោលដៅយោធា និងនុយក្លេអ៊ែរ កាលពីថ្ងៃទី១៣ ខែមិថុនា មុនពេលប្រកាសបទឈប់បាញ់នៅថ្ងៃអង្គារ។

លោក ត្រាំ បានឲ្យដឹងកាលពីថ្ងៃពុធក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសហូឡង់ សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូថា “ខ្ញុំមិនចង់ប្រើឧទាហរណ៍នៃទីក្រុងហ៊ីរ៉ូស៊ីម៉ានោះទេ ហើយខ្ញុំក៏មិនចង់ប្រើឧទាហរណ៍ណាហ្គាសាគីនោះដែរ ប៉ុន្តែនោះជារឿងសំខាន់ដូចគ្នា ដែលបានបញ្ចប់សង្រ្គាមនោះ។”

ប្រែសម្រួល ឈូក បូរ៉ា

To Top