បរទេស៖ បុគ្គលិកពន្ធនាគាររាប់សិបនាក់ អ្នកទោសពីរនាក់ និង អ្នកនៅក្បែរនោះម្នាក់ គឺស្ថិតក្នុងចំណោមជនរងគ្រោះ នៃការវាយប្រហាររបស់អ៊ីស្រាអែល កាលពីសប្តាហ៍មុនទៅលើពន្ធនាគារ Evin នៃទីក្រុង Tehran ដែលជាកន្លែងដ៏ល្បីល្បាញ មួយដែលអ្នកទោសនយោបាយ និងអ្នកប្រឆាំងជាច្រើនត្រូវបានឃុំខ្លួន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនេះ ត្រូវបានចេញផ្សាយ កាលពីថ្ងៃអាទិត្យដោយតុលាការ របស់ប្រទេសអ៊ីរ៉ង់ ហើយត្រូវបានបញ្ជាក់ ដោយក្រុមសិទ្ធិមនុស្សថា ជាសញ្ញាមួយសប្តាហ៍ នៃបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាន់តែខិតជិតមកដល់ ទោះបីជាមានការសង្ស័យពីភាគីទាំងពីរអំពីថា តើបទឈប់បាញ់នឹងត្រូវបន្ត ឬយ៉ាងណា ។
អ្នកនាំពាក្យតុលាការលោក Asghar Jahangir បានបង្ហោះនៅលើគេហទំព័រ របស់ទីភ្នាក់ងារព័ត៌មាន Mizan ផ្លូវការរបស់ការិយាល័យថា មនុស្សយ៉ាងហោចណាស់ ៧១ នាក់ ត្រូវបានសម្លាប់ដោយការវាយប្រហារពីអាកាស រួមទាំងបុគ្គលិក ទាហាន អ្នកទោស និងសមាជិកគ្រួសារ ដែលមកសួរសុខទុក្ខ ។
ខណៈដែលមន្ត្រី មិនបានផ្តល់នូវការវិភាគនៃតួលេខជនរងគ្រោះ សកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា យ៉ាងហោចណាស់ ៣៥ នាក់គឺជាបុគ្គលិក និងពីរនាក់ជាអ្នកទោស ។ អង្គការបាននិយាយថា អ្នកផ្សេងទៀត ដែលត្រូវបានសម្លាប់រួម មានមនុស្សម្នាក់ដែលកំពុងដើរនៅក្នុងបរិវេណពន្ធនាគារ និងស្ត្រីម្នាក់ ដែលបានទៅជួបចៅក្រមអំពីសំណុំរឿងប្តី របស់នាងដែលជាប់ពន្ធនាគារ។
ការវាយប្រហារថ្ងៃទី២៣ ខែមិថុនា មួយថ្ងៃមុនពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ បានវាយប្រហារអគារពន្ធនាគារជាច្រើន និងបានជំរុញឱ្យមានការព្រួយបារម្ភពីក្រុមសិទ្ធិមនុស្សអំពីសុវត្ថិភាពរបស់អ្នកទោស។
គេនៅតែមិនទាន់ច្បាស់ថា ហេតុអ្វីបានជាអ៊ីស្រាអែល កំណត់គោលដៅវាយប្រហារ ទៅលើពន្ធនាគារ ប៉ុន្តែវាបានកើតឡើងនៅថ្ងៃ ដែលក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយថា ខ្លួនកំពុងវាយលុក “គោលដៅរបបគ្រប់គ្រង និងអង្គភាពបង្ក្រាបរបស់រដ្ឋាភិបាល នៅក្នុងបេះដូងនៃទីក្រុង Tehran”៕
ប្រែសម្រួលៈ ណៃ តុលា
