តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ទទួលស្គាល់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ជាអ្នកផ្តួចផ្តើមគំនិតនៃ “ការឈ្លានពាន” ប្រឆាំងនឹងអ៊ីរ៉ង់ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
នៅក្នុងលិខិតមួយផ្ញើ ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងប្រធាន UNSC លោកស្រី Carolyn Rodrigues-Birkett និងលោក Araghchi រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ បានជំរុញឱ្យក្រុមប្រឹក្សាបំពេញការទទួលខុសត្រូវរបស់ខ្លួនក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មាន IRNA ផ្លូវការ។
លោកបានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅដោយចេតនា លើអគារលំនៅដ្ឋាន ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយពណ៌នាអំពីការវាយប្រហារថាជា “ការរំលោភបំពានយ៉ាងត្រចះត្រចង់” នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជា “ការបំពានយ៉ាងធ្ងន់ធ្ងរ” នៃច្បាប់អន្តរជាតិ ។
លោក Araghchi បានលើកឡើងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកក៏បានកំណត់គោលដៅទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលការពារដោយទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) នៅក្នុង “ការរំលោភយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិនរីកសាយភាយ ក៏ដូចជាឧបករណ៍ និងដំណោះស្រាយរបស់ IAEA”។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា UNSC គួរតែទទួលខុសត្រូវចំពោះ “អ្នកឈ្លានពាន” និងធ្វើសកម្មភាពដើម្បីការពារការកើតឡើងនៃ “ឧក្រិដ្ឋកម្ម” បែបនេះ។ កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលជាច្រើននាក់ ភ្លាមៗនោះ អ៊ីរ៉ង់បានឆ្លើយតបនឹងការវាយប្រហារដោយកាំជ្រួច និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកទៅលើអ៊ីស្រាអែលវិញផងដែរ។
នៅថ្ងៃទី ២២ ខែមិថុនា កងកម្លាំងអាមេរិក បានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ហើយជាការសងសឹក អ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិក ក្នុងប្រទេសកាតា ។ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ១២ ថ្ងៃ បទឈប់បាញ់រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែលត្រូវបានឈាន ដល់កាលពីថ្ងៃអង្គារសប្ដាហ៍មុន ៕
ប្រែសម្រួល ឈូក បូរ៉ា
