វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសទៅលើរដ្ឋអាជ្ញាអ៊ីស្រាអែល ជុំវិញការកាត់ក្តីអំពើពុករលួយរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ។
លោក ដូណាល់ ត្រាំ បានសរសេរឲ្យដឹងនៅក្នុងការបង្ហោះនៅលើវេទិកា Truth Social របស់លោកថា “សហរដ្ឋអាមេរិក ចំណាយរាប់ពាន់លានដុល្លាក្នុងមួយឆ្នាំ ច្រើនជាងប្រទេសដទៃទៀត ដើម្បីការពារ និងគាំទ្រអ៊ីស្រាអែល។ លោកបានលើកឡើងថា ករណីនេះនឹងធ្វើឲ្យលោកនាយករដ្ឋមន្ត្រី មិនអាចចរចាជាមួយអ៊ីរ៉ង់ និងជាមួយក្រុមហាម៉ាស់។
កាលពីថ្ងៃសុក្រ តុលាការអ៊ីស្រាអែល បានច្រានចោលសំណើរបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការពន្យារពេលការផ្តល់សក្ខីកម្មនៅក្នុងការកាត់ក្តីពុករលួយរបស់លោក ដោយសម្រេចថា លោកមិនបានផ្តល់យុត្តិកម្មគ្រប់គ្រាន់សម្រាប់វានោះទេ។
ការកាត់ក្តីប្រឆាំងនឹងនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានបន្តធ្វើឡើងអស់រយៈពេលជាង ៥ឆ្នាំមកហើយ។ ក្នុងករណីមួយ លោក ណេតាន់យ៉ាហ៊ូ និងភរិយារបស់លោក ត្រូវបានចោទប្រកាន់ពីបទទទួលយកទំនិញប្រណីតតម្លៃជាង ២៦ម៉ឺនដុល្លារអាមេរិកពីមហាសេដ្ឋីម្នាក់ ជាថ្នូរនឹងការអនុគ្រោះផ្នែកនយោបាយ។
នៅក្នុងករណីពីរផ្សេងទៀតនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងចរចាលើការផ្សាយ ដែលអំណោយផលបន្ថែមទៀតពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលចំនួនពីរ ប៉ុន្ដែគេមិនបានបញ្ជាក់ចំទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងពីរនេះឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
