បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanar បាននិយាយថា ជម្លោះអ៊ុយក្រែន មិនអាចដោះស្រាយ បានដោយមធ្យោបាយយោធា ដោយជំរុញឱ្យប្រទេសលោកខាងលិច ចូលរួមកិច្ចសន្ទនាដោយផ្ទាល់ជាមួយរុស្ស៊ី។
ថ្លែងកាលពីថ្ងៃអាទិត្យក្នុងអំឡុងពេលកម្មវិធីពិភាក្សា មួយនៅលើទូរទស្សន៍សាធារណៈរបស់ស្លូវ៉ាគី STVR លោក Blanar បានព្រមានថាការកើនឡើង នៃភាពតានតឹងអាចបង្ក ឱ្យមានសង្គ្រាមពិភពលោកទាំងមូលបាន។
លោកបាននិយាយថា ៖យើងមិនចង់ឱ្យសង្រ្គាមរវាងរុស្ស៊ី និងណាតូផ្ទុះឡើងទេ ព្រោះវានឹងក្លាយជាសង្រ្គាមលោកលើកទីបី។ យើងចង់ឱ្យជម្លោះនេះត្រូវបានដោះ ស្រាយដោយសន្តិវិធី ដូចដែលបានដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
លោក Blanar បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទូត ដោយអំពាវនាវឱ្យមានការវិលត្រឡប់ទៅកាន់ ការគោរពច្បាប់អន្តរជាតិ និងស្នើថាលោកខាងលិចគួរតែរកវិធីដើម្បីចូលរួមជាមួយទីក្រុងមូស្គូ ហើយប្រហែលជា សូម្បីតែអត់ទោសឱ្យអ្វីគ្រប់យ៉ាងដែលបានកើតឡើងផងក៏បាន។
ស្លូវ៉ាគី រួមជាមួយនឹងប្រទេសហុងគ្រី បានជំរុញយ៉ាងខ្ជាប់ខ្ជួន ចំពោះការបន្ធូរបន្ថយ និងប្រឆាំងនឹងការដាក់ទណ្ឌកម្ម បន្ថែមទៀតរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីដែរ ។
គួរឲ្យដឹងដែរថាប្រធានាធិបតី ស្លូវ៉ាគីលោក Peter Pellegrini ក៏បានជំរុញឱ្យរដ្ឋសមាជិក សហភាពអឺរ៉ុប ចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយទីក្រុងមូស្គូ ខណៈដែលបដិសេធការអំពាវនាវ ឱ្យមានការកសាងយោធារបស់ណាតូ យ៉ាងឆាប់រហ័សហើយ លោកបានអះអាងថា ការចំណាយលើ វិស័យការពារជាតិ គួរតែឆ្លុះបញ្ចាំងពីអាទិភាពជាតិរបស់ប្រទេសនីមួយៗ ជាជាងការភ័យខ្លាចចំពោះរុស្ស៊ី៕
ប្រែសម្រួល៖ស៊ុនលី
