បរទេស៖ គ្រោះអគ្គីភ័យដ៏ធំមួយ ដែលបានឆាបឆេះនៅក្នុងរោងម៉ាស៊ីនផលិតក្រដាស់អនាម័យ មួយកន្លែងនៅលើតំបន់ ឧស្សាហកម្មមួយក្នុងសង្កាត់ Nong Khae នៃខេត្ត Saraburi ប្រទេសថៃ កាលពីម្សិលមិញ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨ នាក់ និងពីរនាក់ទៀតមិនទាន់ដឹងនៅឡើយ។

យោងតាមសារព័ត៌មាន PBS របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អគ្គិភ័យបានបំផ្លាញអគារកម្ពស់៣ជាន់ស្ទើរតែទាំងស្រុង។ ជនរងគ្រោះភាគច្រើនត្រូវបានគេរកឃើញ នៅជាន់ទីពីរ និងទីបី ដែលបម្រើជាការិយាល័យ។
អគ្គីភ័យបានឆាបឆេះនៅម៉ោងជិតថ្ងៃត្រង់នៅជាន់ផ្ទាល់ដី ដែលជាកន្លែងស្តុកក្រដាស និងសម្ភារងាយឆេះផ្សេងទៀត ។ នៅពេលនោះមានកម្មករប្រមាណ១០០នាក់, ភាគច្រើនបានរត់គេចខ្លួន ប៉ុន្តែបុគ្គលិកការិយាល័យ បានជាប់នៅជាន់ខាងលើ។
ក្រុមអ្នកពន្លត់អគ្គីភ័យបានចំណាយពេលជាច្រើនម៉ោង ទើបអាចគ្រប់គ្រងបាន ប៉ុន្តែជាបឋមមិនអាច ចូលទៅដល់កន្លែងនោះទេ ដោយសារតែអណ្តាតភ្លើង និងដំបូលអគារបានបាក់រលំ ។
រហូតដល់ម៉ោង៩យប់ទើបក្រុមសង្គ្រោះ អាចចូលទៅក្នុងអគារបាន។
សាកសពដំបូងត្រូវបានគេរកឃើញពីជាន់ផ្ទាល់ដី ។ ក្រោយមក សាកសពពីរទៀតត្រូវបានគេរកឃើញនៅជាន់ទីពីរ និងប្រាំនាក់ទៀតនៅជាន់ទី ៣ ដែលនាំឱ្យចំនួនអ្នកស្លាប់ ដែលបានបញ្ជាក់កើនឡើងដល់ ៨ នាក់។
ប៉ូលិសបាននិយាយថា ភ្លើងបានរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែវត្ថុធាតុដើម ងាយឆេះខ្លាំង ។ រចនាសម្ព័ន្ធបិទជិត ខ្យល់ចេញចូលមានកំណត់ និងដំបូលបាក់បាន ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែង ពន្លត់អគ្គីភ័យកាន់តែពិបាក ៕
ប្រែប្រួលៈ ណៃ តុលា
