ព័ត៌មានអន្តរជាតិ

G7 អំពាវនាវ​ ឱ្យមានការចរចាឡើងវិញ អំពីកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់

RT News

អូតាវ៉ា ៖ ក្រុមរដ្ឋមន្ត្រីការបរទេសនៃក្រុម G7 បានអំពាវនាវឱ្យមានការចរចាឡើងវិញ ដើម្បីឈានដល់កិច្ចព្រមព្រៀង ដ៏ទូលំទូលាយមួយ ដែលអាចផ្ទៀងផ្ទាត់បាន និងយូរអង្វែង ដែលនិយាយអំពីកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា ដែលចេញដោយកិច្ចការសកលកាណាដា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានអំពាវនាវឱ្យអ៊ីរ៉ង់ បន្តកិច្ចសហប្រតិបត្តិការពេញលេញជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជាបន្ទាន់ តាមការទាមទារដោយកាតព្វកិច្ចការពាររបស់ខ្លួន និងដើម្បីផ្តល់ព័ត៌មានដែលអាចផ្ទៀងផ្ទាត់បានដល់ IAEA អំពីសម្ភារៈនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងការផ្តល់សិទ្ធិឱ្យអ្នកត្រួតពិនិត្យ IAEA ផងដែរ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងគូស បញ្ជាក់ពីចំណុចកណ្តាលនៃសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ជាមូលដ្ឋានគ្រឹះ នៃរបបមិនរីកសាយភាយ នុយក្លេអ៊ែរសកល។ វាចាំបាច់ណាស់ ដែលអ៊ីរ៉ង់នៅតែជាភាគី និងអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញា” ។

រដ្ឋមន្ត្រីការបរទេស G7 នៃប្រទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ព្រមទាំងតំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបបានជួបប្រជុំគ្នានៅទីក្រុងឡាអេ កាលពីថ្ងៃទី២៥ ខែមិថុនា និងពិភាក្សាអំពីព្រឹត្តិការណ៍ថ្មីៗនៅមជ្ឈិមបូព៌ា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top