បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការពារជាតិនៅទីក្រុងមូស្គូ បានរាយការណ៍ថា យន្តហោះចម្បាំងបំបាំង កាយចម្ងាយមធ្យម SU-34 របស់រុស្ស៊ីបានធ្លាក់ក្នុងអំឡុង ពេលហោះហើរហ្វឹកហាត់នៅក្នុងតំបន់ Nizhny Novgorod របស់ប្រទេស កាលពីថ្ងៃអង្គារ។
ទោះបីជាយ៉ាងណាក្តីទាំងអ្នកបើកយន្តហោះ និងអ្នករួមបើកបរ ដែលដំណើរការយន្តហោះកៅអីភ្លោះ ត្រូវបានគេដឹងថា បានផ្តាច់ខ្លួនចេញបានទាន់ពេលវេលា ហើយត្រូវបានគេរាយការណ៍ថា នៅមានជីវិតនៅឡើយ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងដែលដកស្រង់ ដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានបញ្ជាក់ថាក្នុងអំឡុងពេលចុះចត ប្រព័ន្ធបញ្ចេញនៃជើងឧបករណ៍ ចុះចតមួយបានបរាជ័យ និងមិនអាចគ្រប់គ្រង បានហើយអ្នកបើកយន្តហោះ បានធ្វើការព្យាយាមជាច្រើន ដង ដើម្បីដោះស្រាយបញ្ហា ក្នុងពេលកំពុងហោះហើរ មុនពេលសម្រេចចិត្តបោះ បង់ចោលយន្ត ហោះចោលតែម្តង ។
ក្រុមមន្ត្រីយោធារុស្ស៊ីបាននិយាយថា ក្រុមពពីឡុត បានបន្តបង្វែរយន្តហោះចម្បាំង ចេញពីតំបន់ ដែលមានប្រជាជនរស់នៅ ហើយបានចុចប៊ូតុងគេចខ្លួនចេញ ហើយដោយកត់សម្គាល់ថា យន្តហោះ SU-34 មិនមានផ្ទុកអាវុធណាមួយឡើយ។ យ៉ាងណាក្តីឧបទ្ទវហេតុនេះ បានរាយការណ៍ថា មិនមានមនុស្សរងរបួស ឬខូចខាត នៅលើដីនោះទេ។
រំលឹកដែរថា កាលពីដើមខែមេសា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ រយៈចម្ងាយឆ្ងាយ Tu-22M របស់រុស្ស៊ីក៏ធ្លាប់ ជួបឧបទ្ទេវហេតុធ្លាក់នៅតំបន់ Irkutskម្តងដែរ ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី នាវិកទាំងបួននាក់អាចគេចខ្លួនចេញ ប៉ុន្តែអ្នកបើកយន្តហោះមិនបានរស់រាន មានជីវិតពីការចុះចតនោះទេ ។ មន្ត្រីយោធាបានហៅការខុសបច្ចេកទេសថាជាមូលហេតុដែលគេសង្ស័យថា ធ្លាក់យន្តហោះនេះ ៕
ប្រែសម្រួល៖ស៊ុនលី
