បរទេស៖ អ្នកជំនាញបរិស្ថានដែនសមុទ្រ លោក ថុន ថាមរ៉ុងណាវ៉ាសាវ៉ាត បានព្រមានសាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃការផ្ទុះភ្នំភ្លើងក្រោមសមុទ្រនៅសមុទ្រ Andaman ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា មិនមានសញ្ញាច្បាស់លាស់ណាមួយនៃរលកយក្សស៊ូណាមិ ដែលនឹងកើតឡើងនៅដំណាក់កាលនេះទេ។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះហ្វេសប៊ុកកាលពីថ្ងៃអង្គារ លោក ថុន បានលើកឡើងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសកម្មភាពរញ្ជួយដីជាញឹកញាប់នៅក្នុងតំបន់នេះ ដែលបានបង្កឱ្យមានការភ័យខ្លាចនៃការផ្ទុះភ្នំភ្លើងនៅខាងក្រោមសមុទ្រ Andaman ។ គាត់បានពន្យល់ថា រលកយក្សស៊ូណាមិ ជាធម្មតាបណ្តាលមកពីការរញ្ជួយដីក្រោមបាតសមុទ្រ ឬការផ្ទុះភ្នំភ្លើង។
លោកបានបញ្ជាក់ថា ការរញ្ជួយដីថ្មីៗនេះក្នុងប្រទេសមីយ៉ាន់ម៉ា ទំនងជាមិនអាចបង្កជារលកយក្សស៊ូណាមិទេ ខណៈដែលវាបានកើតឡើងក្នុងលើដី។ ទោះជាយ៉ាងណា ថៃនៅតែអាចទទួលបានផលប៉ះពាល់ផ្ទាល់ពីការរញ្ជួយដីបែបនេះ។
គាត់បានសរសេរថា “រលកយក្សស៊ូណាមិនៅឈូងសមុទ្រថៃ នឹងមិនទំនងជាកើតឡើងទេ ហើយទោះបីជាវាកើតឡើងក៏ដោយ ពួកវានឹងមានទំហំតូច និងត្រូវបានគេរកឃើញប្រសើរ ដោយសារតែចម្ងាយពីតំបន់រញ្ជួយដី និងភ្នំភ្លើងធំៗ ដូចជាប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន”៕
ប្រែប្រួលៈ ណៃ តុលា
