ហ៊ូស្តុន៖ បើតាមសារព័ត៌មាន Semafor រាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រមុខរដ្ឋមកពីប្រទេសហ្គាបុង ហ្គីណេ-ប៊ីសសូ លីបេរីយ៉ា ម៉ូរីតានី និងសេណេហ្គាល់ ក្នុងទីក្រុងវ៉ាស៊ីនតោន ឌីស៊ី នៅសប្តាហ៍ក្រោយ។ ប្រសិនបើមានការបញ្ជាក់ នោះការប្រមូលផ្តុំនឹងប្រារព្ធកិច្ចប្រជុំកំពូល Trump-Africa លើកដំបូងក្នុងអំឡុងពេលអាណត្តិទីពីររបស់លោក ដូណាល់ ត្រាំ ។
របាយការណ៍បានឲ្យដឹងថា កិច្ចប្រជុំដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ៩-១១ ខែកក្កដា ទំនងជានឹងផ្តោតលើឱកាសសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិកនៅក្នុងវិស័យរ៉ែដ៏សំខាន់របស់អាហ្វ្រិកខាងលិច ក៏ដូចជាសន្តិសុខក្នុងតំបន់ផងដែរ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
យោងតាមរបាយការណ៍បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាមេរិក-អាហ្រ្វិកកាន់តែទូលំទូលាយ ដែលគ្រោងធ្វើនៅខែកញ្ញា នៅទីក្រុងញូវយ៉ក បច្ចុប្បន្នកំពុងត្រូវបានគ្រោងទុក។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងប្រទេសរវ៉ាន់ដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពដ៏ទូលំទូលាយ មួយនៅក្នុងទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ ដោយសន្យាថា នឹងបញ្ចប់ជម្លោះជាង ៣០ ឆ្នាំនៅក្នុងតំបន់ Great Lakes ៕
ប្រែសម្រួល ឈូក បូរ៉ា
