ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone បញ្ជូនវិស្វករ និងអ្នកបច្ចេកទេសចិនជាង ៣០០នាក់ ចេញពីរោងចក្រ នៅក្នុងប្រទេសឥណ្ឌា ត្រឡប់ទៅចិនវិញ

RT News

បរទេស៖ របាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone គឺ Foxconn បានបញ្ជូនវិស្វករ និងអ្នកបច្ចេកទេសចិនជាង ៣០០ នាក់ ត្រឡប់ទៅផ្ទះវិញពីរោងចក្ររបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងដោយ​ផ្អែក តាមការផ្សាយរបស់ Bloomberg ដោយដកស្រង់ពីអ្នក ដែលដឹងពីបញ្ហានេះថា បុគ្គលិកចិនរបស់ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិកតៃវ៉ាន់ភាគច្រើន នៅរោងចក្រ iPhone នៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានគេប្រាប់ឱ្យចាកចេញ នៅក្នុងការផ្លាស់ប្តូរដែលបានចាប់ផ្តើមប្រហែល ២ ខែមុននេះ ។ របាយការណ៍បានឱ្យដឹងថា នៅពេលនេះ មានតែបុគ្គលិកគាំទ្រមកពីតៃវ៉ាន់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌា ។

ហេតុផលសម្រាប់ការសម្រេចចិត្តរបស់ Foxconn ក្នុងការបញ្ជូនបុគ្គលិកចិនត្រឡប់ទៅវិញ គឺមិនច្បាស់លាស់ ក៏ប៉ុន្តែ របាយការណ៍បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ វាកើតឡើងចំពេលមានរបាយការណ៍ថា មន្ត្រីចិនបានជំរុញ ដោយផ្ទាល់មាត់ដល់ភ្នាក់ងារនិយតកម្ម និងរដ្ឋាភិបាលក្នុងតំបន់ឱ្យរឹត បន្តឹងការផ្ទេរបច្ចេកវិទ្យា និងការនាំចេញឧបករណ៍ ទៅកាន់ប្រទេសឥណ្ឌា និងនៅអាស៊ីអាគ្នេយ៍។

ការផ្លាស់ប្តូរនេះអាចជាការប៉ុនប៉ង មួយដើម្បីបំបាក់ទឹកចិត្តក្រុមហ៊ុន ពីការផ្លាស់ប្តូរប្រតិបត្តិការផលិតកម្មឆ្ងាយពីប្រទេសចិន, នេះបើយោងតាមអ្នកឃ្លាំមើល ផ្នែកឧស្សាហកម្ម ។

ខណៈដែលក្រុមហ៊ុន Foxconn នៅតែផលិតទូរស័ព្ទ iPhone ភាគច្រើន នៅក្នុងប្រទេសចិន ក្រុមហ៊ុនបានបង្កើតជាបណ្តើរៗ នូវប្រតិបត្តិការ ដំឡើងដ៏ធំ នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្រុមហ៊ុនបាន​ពង្រាយ​វិស្វករ​ចិន​ ដែល​មាន​បទ​ពិសោធ​ជា​ច្រើន​ក្នុង​ប្រទេស​ដើម្បី​ជួយ​ពន្លឿន​ការ​ពង្រីក​ខ្លួន ។ របាយការណ៍បាន និយាយថា ការដកកម្មករទាំងនេះភ្លាមៗ ចេញពីប្រតិបត្តិការ ផលិតកម្មរបស់ប្រទេសឥណ្ឌា ទំនងជារារាំងដល់ការបណ្តុះបណ្តាល បុគ្គលិកក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យាផលិតកម្មពីប្រទេសចិន ដែលអាចបង្កើនតម្លៃផលិតកម្ម៕
ប្រែសម្រួលៈ ណៃ តុលា

To Top