បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃពុធថា BRICS គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការ និងការសហការគ្នានៅក្នុងសកលលោកខាងត្បូង ហើយកំពុងស្វែងរកមធ្យោបាយដើម្បីលើកកម្ពស់ផលប្រយោជន៍នៃសេដ្ឋកិច្ចដែលកំពុងរីកចម្រើន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីឥណ្ឌានេះ ធ្វើឡើងមុនកិច្ចប្រជុំកំពូល BRICS ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នៅថ្ងៃទី ៦-៧ ខែកក្កដា។ លោក Modi បាននិយាយថា “ក្នុងនាមជាសមាជិកស្ថាបនិក, ឥណ្ឌាបានប្តេជ្ញាចិត្តចំពោះ BRICS ជាវេទិកាដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន”។ “រួមគ្នា យើងខិតខំឱ្យកាន់តែមានសន្តិភាព សមភាព យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូលដែលមានតុល្យភាព”។
BRICS ត្រូវបានបង្កើតឡើងដំបូង ជាចម្បងជាក្រុមសេដ្ឋកិច្ចមួយ ក្នុងឆ្នាំ ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាមួយនឹងអាហ្វ្រិកខាងត្បូងចូលរួមនៅឆ្នាំ ២០១០។ នៅឆ្នាំ ២០២៤ ប្លុកនេះបានពង្រីកសមាជិកភាពពេញលេញទៅកាន់ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម។ ឥណ្ឌូនេស៊ីបានក្លាយជាសមាជិកពេញសិទ្ធិនៅឆ្នាំ ២០២៥។ មានប្រទេសជាង ៣០ បានដាក់ពាក្យចូលរួមជាមួយអង្គការដ៏មានឥទ្ធិពលនេះ។ លោក Modi បានចាកចេញពីទីក្រុង Delhi កាលពីថ្ងៃពុធ ដើម្បីបំពេញទស្សនកិច្ច៥ប្រទេសទៅកាន់ប្រទេសហ្គាណា ទ្រីនីដាដ និងតូបាហ្គោ អាហ្សង់ទីន ប្រេស៊ីល និងណាមីប៊ី។
លោក Modi បាននិយាយថា “ខ្ញុំមានទំនុកចិត្តថា ដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសទាំងប្រាំនឹងពង្រឹងចំណងមិត្តភាពរបស់យើងនៅទូទាំងសកលខាងត្បូង ពង្រឹងភាពជាដៃគូរបស់យើងទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក និងធ្វើឱ្យការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងវេទិកាពហុភាគីដូចជា BRICS សហភាពអាហ្វ្រិក ECOWAS និង CARICOM” ៕
ប្រែសម្រួលៈ ណៃ តុលា
