បរទេស៖ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃមួយគ្រឿង បានបង្ខំចិត្តចុះចតជាបន្ទាន់ នៅក្នុងទីវាលសាលារៀនមួយក្នុងខេត្ត Roi Et កាលពីថ្ងៃព្រហស្បតិ៍ ដោយសារអាកាសធាតុអាក្រក់ ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅសាលា Ban Kham Pha-Ung ស្រុក Pracharat Bamrung ។ យោងតាមការបង្ហោះដែលចែករំលែក ដោយសាលានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បានរារាំងឧទ្ធម្ភាគចក្រពី Wing 2 ក្នុងទីក្រុង Lop Buri មិនឱ្យបន្តដំណើរទៅ ខេត្ត Udon Thani ។ ជាលទ្ធផល អ្នកបើកយន្តហោះបានសម្រេចចិត្តចុះចត ដោយសុវត្ថិភាពនៅលើវាលស្មៅរបស់សាលារៀន។
វីដេអូដែលបានចែករំលែកដោយសាលាបានថត ពេលដែលឧទ្ធម្ភាគចក្រចុះ ដោយក្មេងៗពិតជារំភើបដោយព្រឹត្តិការណ៍ដែលមិននឹកស្មានដល់។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកស្រុកបានប្រមូលផ្តុំគ្នាយ៉ាងលឿន ដោយមានមនុស្សជាច្រើនកាន់ឆ័ត្រ ដើម្បីមើលឧទ្ធម្ភាគចក្រយ៉ាងជិត និងថតរូប៕
ប្រែសម្រួលៈ ណៃ តុលា
