តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានឲ្យដឹងថា អ៊ីរ៉ង់នៅតែបន្តចាត់ទុកការទូតជាមធ្យោបាយដោះស្រាយជម្លោះប្រកបដោយប្រសិទ្ធភាព ប្រសិនបើភាគីម្ខាងទៀតប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ ចំពោះដំណោះស្រាយទាំងនោះក្នុងការអនុវត្តជាក់ស្តែង។
លោកបានធ្វើការកត់សម្គាល់នេះនៅក្នុងជំនួបជាមួយប្រធានាធិបតីតាហ្ស៊ីកលោក Emomali Rahmon នៅទីក្រុង Khankendi ប្រទេស Azerbaijan ជាកន្លែងដែលលោកបានចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី១៧ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចកាលពីមុននេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។
លោក Pezeshkian បានលើកឡើងថា ខណៈពេលដែលអ៊ីរ៉ង់ ព្យាយាមដោះស្រាយបញ្ហាដែលមានស្រាប់តាមរយៈការចរចាជាមួយលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក អ៊ីស្រាអែលបានបើកការវាយប្រហារប្រឆាំងនឹងប្រទេសនេះ។
លោកបានបន្ថែមថា “អ៊ីរ៉ង់ នៅតែចាត់ទុកការចរចា និងការទូតថា ជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយភាពខុសគ្នា ដែលភាគីម្ខាងទៀតបង្ហាញក្នុងការអនុវត្តថា ខ្លួនប្តេជ្ញាចិត្ត ចំពោះដំណោះស្រាយទាំងនោះ”។
ប្រធានាធិបតីតាហ្ស៊ីកបានថ្កោលទោស “ការឈ្លានពាន” របស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ដោយបញ្ជាក់ពីភាពចាំបាច់ ដែលភាគីទាំងអស់ត្រលប់ទៅតុចរចានិងការប្តេជ្ញាចិត្ត ចំពោះការទូតដើម្បីដោះស្រាយភាពខុសគ្នារបស់ពួកគេ៕
ប្រែសម្រួល ឈូក បូរ៉ា
