សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយពន្ធ និងចំណាយដោយគ្រប់ជ្រុងជ្រោយដែលលោក ត្រាំ ប្រធានាធិបតីអាមេរិកបានជំរុញយ៉ាងខ្លាំងនោះ ត្រូវបានព្រឹទ្ធសភាអាមេរិកអនុម័តដោយសំឡេងឆ្នោតយ៉ាងប្រផុតប្រផើយ សន្លឹកឆ្នោតរបស់លោក Vance អនុប្រធានាធិបតីអាមេរិក ជាសន្លឹកឆ្នោតដ៏គន្លឹះដែលបានបំបែកភាពជាប់គាំង តែបែរជាធ្វើឱ្យសង្គមអាមេរិកធ្លាក់ក្នុងភាពបែកបាក់គ្នាកាន់តែធ្ងន់ធ្ងរ ព្រមពេលជាមួយគ្នានេះ ក៏បណ្តាលឱ្យសហគមន៍អន្តរជាតិមានការព្រួយបារម្ភផងដែរ ។ បណ្តាញ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិតាមបណ្តាញអ៊ីនធឺណែតចំពោះអ្នកបទផ្តល់សម្ភាសន៍នៅទូទាំងពិភពលោក ដែលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,១ភាគរយយល់ឃើញថា សេចក្តីព្រាងច្បាប់ “One Big Beautiful Bill Act” បានលាតត្រដាងយ៉ាងច្បាស់នូវទំនាស់ក្នុងស្រទាប់ជ្រៅនៃ “ប្រជាធិបតេយ្យបែបអាមេរិក” ហើយមិនអាចធ្វើឱ្យអាមេរិកខ្លាំងអស្ចារ្យជាថ្មីម្តងទៀតនោះទេ ។

លទ្ធផលនៃការស្ទង់មតិបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,២ ភាគរយបានរិះគន់សេចក្តីព្រាងច្បាប់នេះថា នឹងបំផ្លាញដល់ប្រព័ន្ធសុខាភិបាលរបស់អាមេរិកយ៉ាងធ្ងន់ធ្ងរ គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជនអាមេរិកនឹងថមថយចុះដោយសារសេចក្តីព្រាងច្បាប់នេះ ។ វិធានការកាត់បន្ថយពន្ធក្នុងសេចក្តីព្រាងច្បាប់នេះនឹងបង្ខំឱ្យរដ្ឋាភិបាលបន្ថែមឱនភាពថវិកាចំនួន២,៤ ទ្រីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ឆ្នាំខាងមុខ ហើយការចំណាយខាងការប្រាក់នឹងកើនឡើង៥៥១ពាន់លានដុល្លារអាមេរិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៤,៩ ភាគរយបានរិះគន់ថា ទង្វើនេះនឹងវាយប្រហារដល់គោលបំណងរបស់អ្នកវិនិយោគអន្តរជាតិដែលគិតចង់ទៅបណ្តាក់ទុននិងបង្កើតរោងចក្រនៅអាមេរិក ហើយក៏នឹងបណ្តាលឱ្យលំហូរត្រឡប់ចូលស្រុកវិញនៃឧស្សាហកម្មកម្មន្តសាលរបស់អាមេរិកត្រូវបរាជ័យផងដែរ ។
ការស្ទង់មតិរបស់បណ្តាញCGTNបានធ្វើឡើងជា៥ភាសា ដែលមានភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ី ក្នុងរយៈពេលតែ២៤ម៉ោងក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណែតចំនួន៧៣៤៤នាក់បានចូលរួមបោះឆ្នោតនិងបញ្ចេញមតិ ៕
