បរទេស៖ ឧបនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ គឺលោក Phumtham Wechayachai បានច្រានចោលការយល់ឃើញរបស់ក្រុមប្រឹក្សារដ្ឋ (CoS) អំពីអំណាចរបស់នាយករដ្ឋមន្ត្រីស្តីទី ក្នុងការរំលាយសភាតំណាងរាស្រ្តថា នេះគ្រាន់តែជាទស្សនៈផ្លូវច្បាប់មួយ ក្នុងចំណោមទស្សនៈច្បាប់ជាច្រើនប៉ុណ្ណោះ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការកត់សម្គាល់របស់លោក Phumtham Wechayachai កាលពីថ្ងៃចន្ទ បន្ទាប់ពីមានរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថា ក្រុមប្រឹក្សារដ្ឋ បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសកាលពីថ្ងៃទី ៣ ខែកក្កដាថា នាយករដ្ឋមន្ត្រីស្តីទីគ្មានសិទ្ធិអំណាចផ្លូវច្បាប់ ក្នុងការរំលាយសភានោះទេ។
លោក Phumtham ដែលបច្ចុប្បន្នកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បាននិយាយថា គំនិតរបស់ ក្រុមប្រឹក្សារដ្ឋ ដែលផ្តល់ដោយអគ្គលេខាធិការរបស់ខ្លួន មិនមែនជាគោលជំហរផ្លូវការទេ ហើយកំពុងត្រូវបានចាត់ទុកជាទស្សនៈផ្លូវច្បាប់មួយ ក្នុងចំណោមទស្សនៈច្បាប់ជាច្រើនដែលកំពុងត្រូវបានពិចារណា បន្ទាប់ពីនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra ត្រូវបានព្យួរពីតួនាទី ដោយរង់ចាំការសម្រេចរបស់តុលាការ។
លោកស្រី Paetongtarn ត្រូវបានគេចោទប្រកាន់ពីបទប្រព្រឹត្តខុស ក្រមសីលធម៌ជុំវិញការលេចធ្លាយការសន្ទនា របស់លោកស្រីជាមួយប្រធានព្រឹទ្ធសភាកម្ពុជា អំពីជម្លោះព្រំដែនដែលកំពុងបន្ត។
ឥឡូវនេះ សំណួរបានកើតឡើងថាតើលោក Phumtham មានអំណាចក្នុងការរំលាយសភាដែរឬទេ ប្រសិនបើលោកស្រី Paetongtarn ត្រូវបានដកចេញពីតំណែងជាយ ថាហេតុដោយតុលាការធម្មនុញ្ញ។
បើតាមលោក Phumtham អំណាចរបស់លោកក្នុងការរំលាយសភាមិនមែនជា បញ្ហាដែលត្រូវផ្តោតលើដំណាក់កាលនេះទេ។
ប្រែសម្រួលៈ ណៃ តុលា
