វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេស ជប៉ុន និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១ ខែសីហា ដោយបង្កើនសម្ពាធបន្ថែម ទៀតលើ សម្ព័ន្ធ មិត្តសំខាន់ៗ របស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការសម្របសម្រួល ដើម្បីទទួលបានកិច្ចព្រមព្រៀង។

នៅក្នុងសំបុត្រស្ទើរតែដូចគ្នា ដែលផ្ញើទៅកាន់មេដឹកនាំនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលលោក ត្រាំ បានបង្ហោះទាំងស្រុងនៅលើវេទិកាសង្គម Truth Social លោកបានប្រាប់ថា ទំនាក់ទំនងពាណិជ្ជកម្មគឺ “ឆ្ងាយពីគ្នាទៅវិញទៅមក” ។ លោកបានសរសេរទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ថា “សូមយល់ថាចំនួន ២៥% គឺតិចជាងអ្វីដែលចាំបាច់ ដើម្បីលុបបំបាត់គម្លាតឱនភាពពាណិជ្ជកម្ម ដែលយើងមានជាមួយប្រទេសរបស់អ្នក” ។
លោក ត្រាំ ក៏បានព្រមានប្រទេសនីមួយៗថា ការដំឡើងពន្ធរបស់ពួកគេលើ ទំនិញរបស់សហរដ្ឋអាមេរិកនឹង ត្រូវជួបជាមួយនឹងការ ដំឡើងសមមូលដោយរដ្ឋបាលរបស់គាត់ លើសពីអត្រា ២៥ ភាគរយ។ ក្នុងពេលជាមួយគ្នានេះ លោក ត្រាំ បានលើកឡើងថា លោកអាចនឹងពិចារណាធ្វើ “ការកែតម្រូវ” ប្រសិនបើប្រទេសនានាកាត់ បន្ថយនូវអ្វីដែលលោកបានពិពណ៌នាថាជារបាំងពាណិជ្ជកម្មរបស់ពួកគេ។
លោកបានបន្ដថា “ពន្ធគយទាំងនេះ អាចត្រូវបានកែប្រែ ឡើងលើ ឬចុះក្រោម អាស្រ័យលើទំនាក់ទំនង របស់យើងជាមួយប្រទេសរបស់អ្នក” ។ នៅក្រោមពន្ធគយ ទៅវិញទៅមករបស់លោក ត្រាំ រដ្ឋបាលអាមេរិកក៏បានកំណត់ ពន្ធលើមូលដ្ឋាន ឬជាសកលចំនួន ១០ ភាគរយដែលគ្រប ដណ្តប់លើការ នាំចូលពីប្រទេសស្ទើរ តែទាំងអស់នៅក្នុងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
