យេរ៉ូសាឡឹម៖ ក្រុមប្រដាប់អាវុធហ៊ូទី របស់ប្រទេសយេម៉ែន បានបាញ់មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្ស បើកលើគោលដៅរបស់អ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បន្ទាប់ពីយន្តហោះចម្បាំង និងនាវាចម្បាំងអ៊ីស្រាអែល បានវាយប្រហារកំពង់ផែសមុទ្រ ក្រហមចំនួនបី និងស្ថានីយ៍ថាមពល នៅពាក់កណ្តាលអធ្រាត្រ ។
អ្នកនាំពាក្យយោធាហ៊ូទី លោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចាក់ផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah ថា ក្រុមនេះបានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកចំនួន ១១ គ្រឿង ដោយមីស៊ីលតម្រង់គោលដៅទៅកាន់ អាកាសយានដ្ឋាន Ben Gurion កំពង់ផែ Ashdod ស្ថានីយ៍ថាមពលនៅ Ashkelon និងយន្តហោះគ្មានមនុស្សបើកចំនួន ៨ គ្រឿងតម្រង់ទៅកាន់កំពង់ផែ Eilat ។
លោក Sarea បានអះអាងថា “មីស៊ីល និងយន្តហោះគ្មានមនុស្សបើក បានទៅដល់គោលដៅ របស់ពួកគេដោយជោគជ័យ ហើយប្រព័ន្ធស្ទាក់ចាប់បានបរាជ័យ ក្នុងការស្ទាក់ចាប់មីស៊ីល និងយន្ដហោះដ្រូនមួយចំនួនធំ ។
អ្នកនាំពាក្យក្រុមហ៊ូទីបានបន្ដថា ក្រុមនេះ “ត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់ការប្រឈមមុខដាក់គ្នាប្រកបដោយនិរន្តរភាព និងអូសបន្លាយ” ដោយបញ្ជាក់សារជាថ្មីថា ការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងអ៊ីស្រាអែល នឹងបន្តរហូតដល់ “សង្គ្រាមលើតំបន់ហ្គាហ្សាត្រូវបានបញ្ចប់ ហើយការបិទផ្លូវត្រូវបានដកចេញ”៕
ប្រែសម្រួល ឈូក បូរ៉ា
