ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានថា ប្រសិនបើជប៉ុនដំឡើងពន្ធ នោះអាមេរិកនឹងធ្វើដូចគ្នា

xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានថា ប្រសិនបើជប៉ុនដំឡើងពន្ធ នោះអាមេរិក នឹងធ្វើដូចគ្នា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយ លើការនាំចូលពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១ ខែសីហា ដោយបង្កើនសម្ពាធបន្ថែមទៀត លើសម្ព័ន្ធមិត្តសំខាន់ៗ របស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការសម្របសម្រួល ដើម្បីទទួលបានកិច្ចព្រមព្រៀង ។

នៅក្នុងសំបុត្រស្ទើរតែដូចគ្នា ដែលផ្ញើទៅកាន់មេដឹកនាំ នៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលលោក ត្រាំ បានបង្ហោះទាំងស្រុងនៅលើវេទិកាសង្គម Truth Social លោកបានប្រាប់ថា ទំនាក់ទំនងពាណិជ្ជកម្មគឺ “ឆ្ងាយពីគ្នាទៅវិញទៅមក” ។ លោកបានសរសេរទៅកាន់នាយករដ្ឋមន្រ្តីជប៉ុន លោក Shigeru Ishiba និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ថា “សូមយល់ថាចំនួន ២៥% គឺតិចជាងអ្វីដែលចាំបាច់ ដើម្បីលុបបំបាត់គម្លាត ឱនភាពពាណិជ្ជកម្ម ដែលយើងមានជាមួយប្រទេសរបស់អ្នក” ។

លោក ត្រាំ ក៏បានព្រមានប្រទេសនីមួយៗថា ការដំឡើងពន្ធរបស់ពួកគេលើទំនិញ របស់សហរដ្ឋអាមេរិក នឹងត្រូវជួបជាមួយនឹងការដំឡើង សមមូលដោយរដ្ឋបាលរបស់គាត់ លើសពីអត្រា ២៥ ភាគរយ។ ក្នុងពេលជាមួយគ្នានេះ លោក ត្រាំ បានលើកឡើងថា លោកអាចនឹងពិចារណាធ្វើ “ការកែតម្រូវ” ប្រសិនបើប្រទេសនានា កាត់បន្ថយនូវអ្វីដែលលោកបានពិពណ៌នាថា ជារបាំងពាណិជ្ជកម្មរបស់ពួកគេ។

លោកបានបន្ដថា “ពន្ធគយទាំងនេះអាចត្រូវបានកែប្រែ ឡើងលើ ឬចុះក្រោម អាស្រ័យលើទំនាក់ទំនងរបស់យើងជាមួយប្រទេសរបស់អ្នក”។ នៅក្រោមពន្ធគយ ទៅវិញទៅមករបស់លោក ត្រាំ រដ្ឋបាលអាមេរិក ក៏បានកំណត់ពន្ធលើមូលដ្ឋាន ឬជាសកលចំនួន ១០ ភាគរយ ដែលគ្របដណ្តប់លើការនាំចូល ពីប្រទេសស្ទើរតែទាំងអស់ នៅក្នុងពិភពលោក ៕

To Top