កូឡាឡាំពួរ ៖ តាមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ការដំឡើងអត្រាពន្ធ ២៥ ភាគរយលើការនាំចេញ របស់ម៉ាឡេស៊ីទៅកាន់ សហរដ្ឋអាមេរិក គឺអាចរំខានដល់ប្រតិបត្តិការអាជីវកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងលំហូរ វិនិយោគដែលផ្តល់ផល ប្រយោជន៍ដល់ប្រទេសទាំងពីរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសម៉ាឡេស៊ី នៅតែប្តេជ្ញាចិត្តក្នុងការចរចា ដើម្បីសម្រេចបានលទ្ធផលដោយយុត្តិធម៌ និងនិរន្តរភាពសម្រាប់ភាគីទាំងពីរ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីសំបុត្ររបស់ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ផ្ញើទៅកាន់ស្តេចម៉ាឡេស៊ី Sultan Ibrahim Sultan Iskandar ។
ក្រសួងបានឲ្យដឹងថា “ម៉ាឡេស៊ីចាត់ទុកវិធានការឯកតោភាគីថា អាចរំខានដល់ប្រតិបត្តិការអាជីវកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងលំហូរវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ”។
ម៉ាឡេស៊ី ជឿជាក់យ៉ាងមុតមាំថា រួមគ្នា យើងអាចស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានទៅវិញទៅមក ដែលការពារផលប្រយោជន៍នៃប្រទេសទាំងពីរ និងប្រជាជនរបស់យើង ខណៈពេលដែលធានាថា ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីនៅតែជាកម្លាំងវិជ្ជមាន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព៕
ប្រែសម្រួល ឈូក បូរ៉ា
