ព័ត៌មានអន្តរជាតិ

កូរ៉េ​ខាង​ត្បូង ប្ដេជ្ញាប្រឹង​ប្រែង​ សម្រាប់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម ដែល​មាន​ប្រយោជន៍ ​ទៅ​វិញ​ទៅ​មក​ជាមួយ​អាមេរិក

xinhua

សេអ៊ូល៖ ក្រសួងពាណិជ្ជកម្មកូរ៉េ ខាងត្បូងបានឲ្យដឹងថា ខ្លួននឹងខិតខំប្រឹងប្រែងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពន្យារពេលការផ្អាកពន្ធថ្មី លើផលិតផលកូរ៉េខាងត្បូង ប្រកបដោយប្រសិទ្ធភាព។

ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងសេអ៊ូល បានចូលរួមក្នុងការចរចាយ៉ាងស្វិតស្វាញ ក្រោមគោលការណ៍ដាក់អាទិភាពកំពូល លើផលប្រយោជន៍ជាតិ ចាប់តាំងពីការឡើងកាន់អំណាចនៃរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Lee Jae-myung ដែលបានចូលកាន់តំណែង កាលពីថ្ងៃទី៤ ខែមិថុនា។

ក្រសួងបានកត់សម្គាល់ថា មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីឈានដល់កិច្ចព្រមព្រៀងលើបញ្ហាទាំងអស់នោះទេ ដោយចាត់ទុកលិខិតរបស់លោក ត្រាំ ជាការពន្យារពេលដ៏មានប្រសិទ្ធភាពនៃការផ្អាកលើពន្ធ “ទៅវិញទៅមក” លើផលិតផលកូរ៉េខាងត្បូង។

ក្រសួងបានប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវលទ្ធផលចរចា ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកក្នុងរយៈពេល ដែលនៅសេសសល់ ដើម្បីដោះស្រាយឱ្យបានឆាប់រហ័ស នូវភាពមិនច្បាស់ លាស់ដែលមកពីពន្ធគយ ដោយថាប្រទេសអាស៊ីមួយនេះ នឹងដោះស្រាយកង្វល់ធំរបស់សហរដ្ឋអាមេរិក ចំពោះបញ្ហាឱនភាពពាណិជ្ជកម្មតាមរយៈការធ្វើឱ្យប្រសើរឡើងនូវច្បាប់ក្នុងស្រុក និងបទប្បញ្ញត្តិសមហេតុផល។

ក្រសួងបានបន្ថែមថា ខ្លួននឹងស្វែងរកការបង្កើតឱកាសមួយសម្រាប់ជំហានឆ្ពោះទៅមុខក្នុងឧស្សាហកម្មស្នូល តាមរយៈភាពជាដៃគូរវាងប្រទេសទាំងពីរ សម្រាប់ការបង្កើតឡើងវិញនូវផលិតកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា

To Top