បរទេស៖ ក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតរបស់អាល្លឺម៉ង់ គឺ Porsche បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ ជាសាកលនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ដោយលើកឡើងពីផលប៉ះពាល់នៃ ការប្រកួតប្រជែងដ៏តឹងរឹងនៅក្នុងប្រទេសចិន, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចែកចាយសកលបានធ្លាក់ចុះ 6% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំង 28% នៅក្នុងប្រទេសអាស៊ី។
ប្រទេសចិនធ្លាប់ជាទីផ្សារដ៏សំខាន់សម្រាប់រថយន្ត Porsche ។ នៅឆ្នាំ ២០២២ គឺមានប្រហែល 30% នៃការលក់ទូទាំងពិភពលោករបស់ក្រុមហ៊ុន។ ទោះជាយ៉ាងណាក៏ដោយនៅឆ្នាំ ២០២៣ ការចែកចាយបានចាប់ផ្តើមធ្លាក់ចុះ ដោយបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តប្រណិតនេះ ចាប់ផ្តើមបិទហាងចែកចាយនៅក្នុងប្រទេស។
ក្រុមហ៊ុន Porsche បានចាត់ទុកការធ្លាក់ចុះចុងក្រោយបំផុតចំពោះ “លក្ខខណ្ឌទីផ្សារដ៏លំបាក” និង “ការប្រកួតប្រជែងខ្លាំង” នៅក្នុងប្រទេសចិន។
ម៉ាកយីហោក្នុងស្រុកដូចជា Xiaomi បានចាប់ផ្តើមទទួលបានចំណែកទីផ្សារ ដោយផ្តល់ជូននូវរថយន្តអគ្គិសនីដែលមាន សមត្ថភាពខ្ពស់ក្នុងតម្លៃប្រកួតប្រជែង។
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន ក៏បានកាត់បន្ថយវដ្តនៃការអភិវឌ្ឍន៍ ឬផលិតរថយន្តក្នុងពេលយ៉ាងខ្លីផងដែរ ដែលអនុញ្ញាតឱ្យពួកគេបញ្ចេញរថយន្តស៊េរីថ្មី លឿនជាងដៃគូប្រកួតប្រជែងទូទាំងពិភពលោក។ ក្រុមហ៊ុនដូចជា BYD និង Chery បានកាត់បន្ថយពេលវេលាអភិវឌ្ឍន៍មកត្រឹម ១៨ ខែ ធៀបនឹង 5.4 ឆ្នាំសម្រាប់ម៉ាកយីហោបរទេស, នេះបើយោងតាម Reuters បានរាយការណ៍កាលពីដើមខែនេះ។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានឆ្លើយតបជាមួយនឹងពន្ធគយក្នុងគោលបំណង ការពារឧស្សាហកម្មរថយន្តរបស់ខ្លួន ដោយចោទប្រកាន់ថាប្រទេសចិនផ្តល់ប្រាក់ឧបត្ថម្ភ ដល់ក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនដោយអយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន Reuters វាគឺជាល្បឿននៃការអភិវឌ្ឍន៍របស់ក្រុមហ៊ុនផលិតចិន ជាជាងការឧបត្ថម្ភធនតែម្នាក់ឯង ដែលផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ផ្នែកបច្ចេកវិទ្យា និងតម្លៃ៕
ប្រែសម្រួលៈ ណៃ តុលា
