វ៉ាស៊ីនតោន៖ ភាពតានតឹងរវាង គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កំពុងតែកើនឡើង ចំពេលមានព្រឹត្តិការណ៍ទឹកជំនន់ ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
នោះដោយសារតែគណបក្សប្រជាធិបតេយ្យ ដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងទាមទារឱ្យមានការស៊ើបអង្កេតថា តើកង្វះបុគ្គលិកនៅ ការិយាល័យរដ្ឋាភិបាល ដ៏សំខាន់មួយបានរួម ចំណែកដល់ការស្លាប់កើនឡើង នៅក្នុងព្រឹត្តិការណ៍ទឹកជំនន់ដ៏សាហាវ នៅក្នុងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិកដែរឬទេ។
អ្នកជំនាញជឿថា ទឹកជំនន់ និងការស៊ើបអង្កេតដែលអាចកើតមាន អាចបង្កបញ្ហានយោបាយ សម្រាប់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សហការីជាន់ខ្ពស់របស់វិទ្យាស្ថាន Brookings លោក Darrell West បានឲ្យដឹងថា “ទឹកជំនន់គឺជាបញ្ហាសម្រាប់លោក ដូណាល់ ត្រាំ ដោយសារតែរដ្ឋបាល របស់លោក បានកាត់បន្ថយបុគ្គលិក និងថវិកាសម្រាប់អ្នកដែលព្យាករណ៍អាកាសធាតុ និងជំនួយក្នុងការសង្គ្រោះ គ្រោះមហន្តរាយ” ។
លោក West បានលើកឡើងថា “វាគឺជាការចាប់ផ្តើមនៃរដូវខ្យល់ព្យុះសង្ឃរា ហើយទំនងជាមានព្យុះ និងខ្យល់បក់ខ្លាំង ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស។
លោក ដូណាល់ ត្រាំ បានឲ្យដឹងថាលោកចង់លុបបំបាត់ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ ហើយឱ្យរដ្ឋនានាដោះស្រាយគ្រោះមហន្តរាយផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែនៅពេលដែលមានការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតយ៉ាងច្រើន រដ្ឋនានាត្រូវងាកទៅរករដ្ឋាភិបាលសហព័ន្ធភ្លាមៗ ដើម្បីសុំជំនួយ។
មេដឹកនាំគណបក្ស ប្រជាធិបតេយ្យ នៅព្រឹទ្ធសភា លោក Chuck Schumer បានសរសេរលិខិតមួយ កាលពីថ្ងៃចន្ទ ដោយជំរុញ ឱ្យនាយកដ្ឋានពាណិជ្ជកម្ម បើកការស៊ើបអង្កេតថាតើ “កង្វះបុគ្គលិកនៅស្ថានីយ៍ សេវាអាកាសធាតុជាតិសំខាន់ៗ ក្នុងតំបន់បានរួមចំណែក ដល់ការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិដ៏មហន្តរាយ ក្នុងអំឡុងពេលទឹកជំនន់ ដ៏សាហាវនេះដែរឬទេ” ។
ប្រែសម្រួល ឈូក បូរ៉ា
