កូឡាឡាំពួរ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអំពាវនាវឱ្យមានការ ឆ្លើយតបជាសមូហភាព ចំពោះបញ្ហាប្រឈមនៃពន្ធគយ ដោយថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេស នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅពេលដែលវិធានការ ពាណិជ្ជកម្ម ឯកតោភាគីក្រោមការដឹកនាំ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានជំរុញឱ្យមានភាព មិនប្រាកដ ប្រជាផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់។
លោក អាន់វ៉ា បានឲ្យដឹងថា “ពន្ធគយ ការរឹតបន្តឹងការនាំចេញ និងរបាំងវិនិយោគឥឡូវនេះបាន ក្លាយជាឧបករណ៍ដ៏មុតស្រួច នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ អាស៊ានត្រូវតែក្រោកឈរ ប្រឈមមុខនឹងការពិតនេះ ជាមួយនឹងភាពច្បាស់លាស់ ដោយបន្ថែមថា ប្លុកក្នុងតំបន់គួរតែបង្កើន ពាណិជ្ជកម្មក្នុងចំណោមសមាជិកទាំង ១០ របស់ខ្លួន។
នៅក្នុងកិច្ចពិភាក្សាប្រចាំឆ្នាំ រដ្ឋមន្ត្រីការបរទេសត្រូវបានគេរំពឹងថា នឹងបង្ហាញពីការព្រួយបារម្ភលើពន្ធឯកតោភាគី “ប្រឆាំងផលិតភាព” នៅក្នុងសេចក្តីថ្លែងការណ៍រួម ជាមួយនឹងសេចក្តីព្រាងដែលទទួលបានដោយសារព័ត៌មានក្យូដូ ដោយថា ពួកគេ “ប្រថុយនឹងការបំផ្លិចបំផ្លាញសេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរ និងបង្កបញ្ហាប្រឈមស្មុគស្មាញដល់ស្ថិរភាព និងកំណើនសេដ្ឋកិច្ចរបស់អាស៊ាន”។
បណ្តាប្រទេសអាស៊ាន បានរងការវាយប្រហារពីពន្ធពី ១០ ភាគរយទៅ ៤៩ ភាគរយនៅក្រោមពន្ធគយ និងអ្វីដែលគេហៅថា “ថ្ងៃរំដោះ” របស់លោក ត្រាំ ដែលបានប្រកាស នៅថ្ងៃទី២ ខែមេសាជាមួយ នឹងរយៈពេល នៃការចរចារយៈពេល ៩០ថ្ងៃបានបន្តដល់ថ្ងៃទី១ ខែសីហា បន្ទាប់ពីដំបូងត្រូវបានគ្រោង នឹងបញ្ចប់កាលពីថ្ងៃពុធ។
លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទបាន ជូនដំណឹងដល់ប្រទេសចំនួន ១៤ រួមទាំងប្រទេសជប៉ុន កូរ៉េខាងត្បូង និងសមាជិកអាស៊ានចំនួន ៦ អំពីអត្រាពន្ធថ្មី ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា។
ក្នុងចំណោមសមាជិកអាស៊ាន មាន៣ប្រទេសដែលបានឃើញអត្រា របស់ខ្លួនបានកាត់បន្ថយ ដោយប្រទេសកម្ពុជាបានធ្លាក់ចុះពី ៤៩ ភាគរយមក ៣៦ ភាគរយ ឡាវពី ៤៨ ភាគរយមក ៤០ ភាគរយ និងប្រទេសមីយ៉ាន់ម៉ាពី ៤៤ ភាគរយមក ៤០ ភាគរយ។ អត្រាពន្ធសម្រាប់ប្រទេសថៃ និងឥណ្ឌូណេស៊ីត្រូវបានរក្សានៅ ៣៦ភាគរយ និង ៣២ ភាគរយរៀងគ្នា ខណៈដែលម៉ាឡេស៊ីត្រូវបានដំឡើង ១ភាគរយបន្ថែមទៀត ដល់កម្រិត ២៥ភាគរយ៕
