ព័ត៌មានអន្តរជាតិ

ព្រះសង្ឃជាន់ខ្ពស់២អង្គ នៅក្នុងប្រទេសថៃ ត្រូវបានចាប់ផ្សឹកបន្ទាប់ពី រកឃើញវីដេអូសិច និងរូបភាពជាង ៨ម៉ឺន បង្ហាញពីការរួមភេទ រវាងស្ត្រីម្នាក់ និងបព្វជិតថ្នាក់ខ្ពស់ នៅក្នុងវត្តល្បីៗ ក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀត

Photo supplied/Wassayos Ngamkham

បរទេស៖ ព្រះសង្ឃជាន់ខ្ពស់ ពីរអង្គនៅក្នុងប្រទេសថៃ ត្រូវបានចាប់ផ្សឹកបន្ទាប់ ពីរឹបអូសបានវីដេអូសិច និងរូបភាពជាង 80,000 ដែលបង្ហាញពីការរួមភេទរវាងស្ត្រីម្នាក់ និងបព្វជិតថ្នាក់ខ្ពស់ នៅក្នុងវត្តល្បីៗ ក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀត។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីនគរបាលនាយកដ្ឋានប្រឆាំង អំពើពុករលួយ (ACD) បានប្រតិបត្តិការកាលពីថ្ងៃពុធ ដើម្បីចរចាជាមួយ ព្រះសង្ឃជាន់ខ្ពស់ ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនង ស្នេហាជាមួយនារីម្នាក់ ដើម្បីឱ្យស្ម័គ្រចិត្តសឹក ដើម្បីការពារការខូចខាត ដល់កេរ្តិ៍ឈ្មោះព្រះពុទ្ធសាសនា។

រឿងអាស្រូវផ្លូវភេទនេះ ត្រូវបានលាតត្រដាង បន្ទាប់ពីប៉ូលីសរបស់នាយកដ្ឋាន ប្រឆាំងអំពើពុករលួយ បានរកឃើញរូបភាព និងវីដេអូជាង ៨ម៉ឺន ពីទូរស័ព្ទដៃចំនួន ៥គ្រឿងដែលជាកម្មសិទ្ធិរបស់ស្ត្រីរូបនោះ ដែលមានឈ្មោះថា “Sika Kor” ក្នុងអំឡុងពេលឆែកឆេរផ្ទះ របស់នាងកាលពីថ្ងៃទី៤ ខែកក្កដា។ រូបភាពទាំងនេះបង្ហាញពីទំនាក់ទំនងស្និទ្ធស្នាលរវាងនាង និងព្រះសង្ឃជាន់ខ្ពស់នៅវត្តល្បីៗក្នុងប្រទេសថៃ។

រហូតមកដល់ពេលនេះ អាជ្ញាធរបានរកឃើញ ព្រះសង្ឃចំនួន ៨ អង្គហើយ ដោយក្នុង នោះមាន ៣ អង្គបានបញ្ជាក់ រួចហើយថា បានប្រព្រឹត្តល្មើសវិន័យព្រះសង្ឃ ចំពោះការផ្សឹក។

ទីតាំងដំបូងដែលប៉ូលិស បានទៅគឺវត្ត Paknam Phasi Charoen ក្នុងទីក្រុងបាងកក ជាកន្លែងដែលក្រុមមន្រ្តី បានស្វែងរកការពិភាក្សាជាមួយព្រះ Thep Wachiwatheerakun ដែលជាជំនួយការព្រះចៅអធិការ៕

To Top