ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មលើ មន្រ្តីសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ដែលបានថ្កោលទោស អ៊ីស្រាអែល ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួន

RT News

បរទេស ៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង នឹងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីទឹកដីប៉ាឡេស្ទីន ដែលកំពុងកាន់កាប់គឺ លោកស្រី Francesca Albanese ដែលបានថ្កោលទោសសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បាននិយាយថា វិធានការនេះគឺជាការឆ្លើយតបទៅនឹង “កិច្ចខិតខំប្រឹងប្រែងខុសច្បាប់ និងគួរឱ្យអាម៉ាស់របស់លោកស្រី Francesca Albanese ក្នុងការជំរុញឱ្យមានចំណាត់ការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិប្រឆាំងអាមេរិក នឹងមន្ត្រី ក្រុម និងនាយកប្រតិបត្តិ។

លោក Rubio បានបន្ថែមថា “យុទ្ធនាការនយោបាយ និងសេដ្ឋកិច្ចរបស់ Francesca Albanese ប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងមិនត្រូវបានអត់ឱនទៀតទេ។ យើងនឹងឈរជាមួយដៃគូរបស់យើងជានិច្ចក្នុងសិទ្ធិការពារខ្លួនរបស់ពួកគេ” ។

លោកស្រី Francesca Albanese ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទ ប្រកាន់ពីបទលម្អៀង និងផ្សព្វផ្សាយការប្រឆាំងអ៊ីស្រាអែល។ កាលពីខែកុម្ភៈ សេតវិមានបានប្រកាសថា សហរដ្ឋអាមេរិកនឹង មិនចូលរួមក្នុង UNHRC ទៀតទេ ដោយឆ្លុះបញ្ចាំងពីជំហរដែលបានធ្វើឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ក្នុងតំណែង។

សូមជម្រាបថា លោកស្រី Francesca Albanese បានដាក់ស្លាកសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាម្តងហើយម្តងទៀតថា ជា “អំពើប្រល័យ ពូជសាសន៍” ហើយបានជំរុញឱ្យប្រទេសនានា ចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu តាមដីកាឆ្នាំ ២០២៤ ដែលចេញដោយ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ។ ថ្លែងនៅអង្គការសហប្រជាជាតិ កាលពីដើមខែនេះ លោកស្រីបានអំពាវនាវ ឱ្យរដ្ឋទាំងអស់ ដាក់ចេញការហាមឃាត់ ការបញ្ជូនអាវុធពេញលេញ និងផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា

To Top