វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយមេដឹកនាំមកពីប្រទេសអាហ្វ្រិកចំនួន ៥ កាលពីថ្ងៃពុធ ដោយបានកត់សម្គាល់ថា សហរដ្ឋអាមេរិក កំពុងផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក “ពីជំនួយទៅជាពាណិជ្ជកម្ម” ។
ជួបជាមួយមេដឹកនាំនៃប្រទេស Gabon, Guinea-Bissau, Liberia, Mauritania និង Senegal នៅសេតវិមាន លោក ត្រាំ បានលើក៉ើងថា មាន “សក្តានុពលសេដ្ឋកិច្ចដ៏អស្ចារ្យនៅអាហ្វ្រិក” ។
លោកបានលើកឡើងថា សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បី “បង្កើតឱកាសសេដ្ឋកិច្ចថ្មី ដែលពាក់ព័ន្ធទាំងសហរដ្ឋអាមេរិក និងប្រទេសអាហ្វ្រិកជាច្រើន” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក បានបន្ដថា “យើងកំពុងផ្លាស់ប្តូរពីជំនួយទៅជាពាណិជ្ជកម្ម ក្នុងរយៈពេលវែង វានឹងមានប្រសិទ្ធភាព និងនិរន្តរភាព និងមានអត្ថប្រយោជន៍ច្រើនជាងអ្វីផ្សេងទៀតដែលយើងអាចនឹងធ្វើជាមួយគ្នា»។
លោក ក៏បានស្នើផងដែរថា ប្រទេសទាំង៥ អាចនឹងត្រូវបានលើកលែងពីផែនការរបស់រដ្ឋបាលរបស់លោកក្នុងការដំឡើងពន្ធគយ ដែលកើនឡើងដែលចាប់ផ្តើមនៅក្នុងខែសីហា៕
ប្រែសម្រួល ឈូក បូរ៉ា
