ព័ត៌មានអន្តរជាតិ

លិចទូកទេសចរណ៍នៅកោះភូកេត ប្រទេសថៃ ភ្ញៀវទេសចរបរទេស ៥នាក់ រួចពីសេចក្តីស្លាប់

បរទេស៖ ភ្ញៀវទេសចរបរទេស ៥ នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពពីទូកទេសចរណ៍មួយគ្រឿង ដែលបានចាប់ផ្តើមលេចធ្លាយចូលទឹក ក្នុងអំឡុងពេលធ្វើដំណើរត្រឡប់មកវិញពីដំណើរកម្សាន្តមុជទឹកនៅកោះទេសចរណ៍ភាគខាងត្បូង។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា បុគ្គលិកមកពីមជ្ឈមណ្ឌលជំនួយទេសចរណ៍ Khaimuk (Pearl) ត្រូវបានបញ្ជូនទៅជួយអ្នកដំណើរដែលជាប់គាំងបន្ទាប់ពីមានបញ្ហាមេកានិចនៅលើទូកទេសចរណ៍ Poseidon នៅម៉ោងប្រហែល ៤៖៥០នាទី ល្ងាចថ្ងៃពុធ។

លោក Rewat Areerob ប្រធានអង្គការរដ្ឋបាលខេត្តភូកេត (PAO) បាននិយាយថា ប្រតិបត្តិករទេសចរណ៍មុជទឹកម្នាក់បានជូនដំណឹងដល់មជ្ឈមណ្ឌលថា បំពង់ទុយោរបស់ទូកបានដំណើរការខុសប្រក្រតី ដែលបណ្តាលឱ្យមានការលេចធ្លាយទឹកនៅពេលកំពុងធ្វើដំណើររវាងកោះយ៉ាវ និងកោះ Khieo។

ក្រុមជួយសង្គ្រោះនៅលើទូកល្បាតលេខ៣ ត្រូវបានបញ្ជូនភ្លាមៗទៅកាន់កន្លែងកើតហេតុ និងបានជម្លៀសអ្នកទេសចរបរទេសទាំង៥នាក់ដោយជោគជ័យ។ ទាំងអស់ត្រូវបានដឹកត្រឡប់មកកាន់កំពង់ផែឆ្លូងវិញដោយសុវត្ថិភាពដោយគ្មានរបួស៕

ប្រែសម្រួលៈ ណៃ តុលា

To Top