ព័ត៌មានអន្តរជាតិ

អតីតមេដឹកនាំក្រុមអាវក្រហមរបស់ថៃ Jatuporn Prompan សង្ស័យមានកិច្ចព្រមព្រៀង សម្ងាត់ណាមួយរបស់ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន

បរទេស៖ សកម្មជននយោបាយរបស់ថៃ លោក Jatuporn Prompan បានបង្កើនការសង្ស័យទាក់ទងនឹងសកម្មភាពនយោបាយថ្មីៗរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយលោកចោទសួរថា តើមានកិច្ចព្រមព្រៀងសម្ងាត់ អាចនៅពីក្រោយព្រឹត្តិការណ៍ជាបន្តបន្ទាប់ ដែលកើតឡើងនៅថ្ងៃតែមួយដែរឬទេ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្លែងក្នុងកម្មវិធី Facebook Live របស់លោក គឺ “Thailand Must Come First” លោក Jatuporn ដែលជាអតីតមេដឹកនាំក្រុមអាវក្រហម បានចង្អុលទៅលើការដកភ្លាមៗនូវសេចក្តីព្រាងច្បាប់វិស័យកំសាន្ត Entertainment Complex ដែលនឹងធ្វើឱ្យកាស៊ីណូទៅជាស្របច្បាប់ និង សុន្ទរកថារបស់លោកថាក់ស៊ីន ដែលលើកកំពស់អំណាចទន់នៅក្នុងព្រឹត្តិការណ៍ Otop នៅមជ្ឈមណ្ឌលសន្និបាតជាតិ Queen Sirikit និងការអត្ថាធិប្បាយរបស់គាត់លើភាពជាប់គាំងនយោបាយបច្ចុប្បន្ននៅក្នុងវេទិកាដែលរៀបចំដោយ Nation Group ។

លោក Jatuporn បាននិយាយថា នៅពេលដែលរឿងទាំងអស់នេះកើតឡើងនៅថ្ងៃតែមួយ វាទំនងជាមិនមែនជារឿងចៃដន្យនោះទេ។

លោកបានគូសបញ្ជាក់ពីការលើកកម្ពស់គំនិតផ្តួចផ្តើមអំណាចទន់ ដែលអាចត្រូវបានគេមើលឃើញថា ជាការជំរុញដល់កូនស្រីរបស់លោកថាក់ស៊ីន, ការព្យួរតំណែងនាយករដ្ឋមន្ត្រីលោកស្រី Paetongtarn Shinawatra និង ក្នុងតួនាទីថ្មីរបស់លោកស្រីជារដ្ឋមន្ត្រីវប្បធម៌ និង​ការ​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់របស់​លោក ថាក់ស៊ីន អំពី​ការ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​បុរស​ខ្លាំង​កម្ពុជា ហ៊ុន សែន ក្រោយ​ជាង ៣០ ឆ្នាំ មកនេះ ដោយ​លើក​ឡើង​ពី​ការ​ខូចខាត​ដែល​បាន​ធ្វើ​ចំពោះ​លោកស្រី Paetongtarn បន្ទាប់​ពី​ការ​បែកធ្លាយសំឡេងសន្ទនាតាមទូរស័ព្ទ​។

លោក Jatuporn បានលើកឡើងអំពីព្រឹត្តិការណ៍ទាំងនេះ កើតឡើងក្នុងពេលតំណាលគ្នា ដែលទាំងនេះហាក់ដូចជាត្រូវបានគណនាដោយចៃដន្យផងដែរ ដោយសន្មតថា វាអាចត្រូវបានរៀបចំជាផ្នែកនៃ ការអនុវត្តនយោបាយដ៏ទូលំទូលាយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top