ព័ត៌មានអន្តរជាតិ

យន្ដហោះចម្បាំងចិន ហោះប្រកៀកទៅនឹងយន្ដហោះ កងកម្លាំងស្វ័យការពារជប៉ុន នៅសមុទ្រចិនខាងកើត

xinhua

តូក្យូ៖ ប្រភពរដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា យន្តហោះចម្បាំងចិន មួយគ្រឿងបានហោះទៅជិតយន្តហោះកងកម្លាំងស្វ័យការពារដែនអាកាសរបស់ប្រទេសជប៉ុន ពីលើដែនទឹកអន្តរជាតិក្នុងសមុទ្រចិនខាងកើត ក្នុងសកម្មភាពមួយដែលអាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹង។

ការជួបគ្នាយ៉ាងជិតរវាងយន្តហោះទម្លាក់គ្រាប់បែក JH-7 របស់ចិន និងយន្តហោះស៊ើបការណ៍អេឡិចត្រូនិក ASDF YS-11EB កាលពីថ្ងៃពុធ បានធ្វើតាមឧប្បត្តិហេតុស្រដៀងគ្នានេះនៅលើដែនទឹកអន្តរជាតិនៅប៉ាស៊ីហ្វិកកាលពីខែមុន ដែលនាំឱ្យទីក្រុងតូក្យូ ធ្វើការតវ៉ាជាមួយទីក្រុងប៉េកាំង និងអំពាវនាវឱ្យមានវិធានការបង្ការ។

ប្រភពបានឲ្យដឹងថា ក្រសួងការបរទេស និងការពារជាតិរបស់ជប៉ុនកំពុងវិភាគស្ថានការណ៍។ កាលពីថ្ងៃទី ៧ និងទី ៨ ខែមិថុនា យន្តហោះចម្បាំងចិន J-15 ចេញពីនាវាផ្ទុកយន្តហោះ Shandong បានហោះជិតប្រហែល ៤៥ ម៉ែត្រទៅកាន់យន្តហោះស៊ើបការណ៍របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ P-3C នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។

ក្រសួងក៏បាននិយាយផងដែរថា យន្តហោះ J-15 របស់ចិនបានហោះកាត់ផ្លូវហោះហើររបស់ P-3C នៅចម្ងាយប្រហែល ៩០០ ម៉ែត្រ។ រដ្ឋាភិបាលជប៉ុន បានបង្ហាញដល់ប្រទេសចិននូវ “ការព្រួយបារម្ភយ៉ាងខ្លាំង” ហើយបានទាមទារឱ្យចិនចាត់វិធានការ ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះកុំឱ្យកើតឡើងម្តងទៀត។ ក្រសួងការបរទេសចិន បានចោទប្រកាន់ជប៉ុនថា “ចូលមកជិត និងធ្វើចារកម្មលើសកម្មភាពយោធាធម្មតារបស់ចិន” ដោយអំពាវនាវឱ្យទីក្រុងតូក្យូបញ្ឈប់ “សកម្មភាពដ៏គ្រោះថ្នាក់បែបនេះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top