ព័ត៌មានអន្តរជាតិ

ប្រទេសអាស៊ានបូកបី គួរតែបន្តជំរុញដំណើរការ សមាហរណកម្មក្នុងតំបន់

xinhua

កូឡាឡាំពួរ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា ស្ថានការណ៍អន្តរជាតិកាន់តែស្មុគស្មាញ វាកាន់តែចាំបាច់សម្រាប់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ានបូកបី ឬ ១០+៣) ដើម្បីលុបបំបាត់ការជ្រៀតជ្រែក និងបន្តជំរុញដំណើរការសមាហរណកម្មក្នុងតំបន់។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នេះក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី។ លោកឲ្យដឹងថា ចាប់តាំងពីការបង្កើតយន្តការកិច្ចសហប្រតិបត្តិការ ១០+៣ មក យើងបានពង្រឹងសមត្ថភាពឆ្លើយតបវិបត្តិរបស់យើងជាបន្តបន្ទាប់ លើកកម្ពស់ដំណើរការនៃសមាហរណកម្មសេដ្ឋកិច្ច និងបានធ្វើការរួមគ្នាដើម្បីកសាងសន្ទុះនៃកត្តាជំរុញកំណើនថ្មី។

លោក  បានលើកឡើងថា ដោយផ្តោតលើការអភិវឌ្ឍន៍ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ គឺជានិន្នាការ និងជាចរន្តសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានាពេលបច្ចុប្បន្ន ដោយបន្ថែមថា បណ្តាប្រទេសនានានៅតែប្រឈមមុខនឹងបញ្ហាដូចជាផលប៉ះពាល់នៃឯកតោភាគីនិយម និងលទ្ធិគាំពារនិយម និងការរំលោភលើពន្ធគយដោយមហាអំណាចមួយចំនួន។

ដោយកត់សម្គាល់ពីតម្រូវការក្នុងការបន្តបង្កើនសន្ទុះកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យប្រសើរឡើងនូវភាពធន់នៃការអភិវឌ្ឍន៍ លោក វ៉ាង យី បានដាក់ចេញនូវសំណើចំនួនបួន សម្រាប់ដំណាក់កាលបន្ទាប់នៃកិច្ចសហប្រតិបត្តិការ។

ទីមួយ កសាងអាស៊ីបូព៌ារួមបញ្ចូលគ្នា។ យើងគួរតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះ “ការសាងសង់ជញ្ជាំងនិងរនាំង”។ ប្រទេសចិន មានឆន្ទៈក្នុងការធ្វើការជាមួយភាគីទាំងអស់ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍របស់មេដឹកនាំ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានអត្ថប្រយោជន៍ទៅវិញទៅមកនៅក្នុងខ្សែសង្វាក់ផលិតកម្ម និងការផ្គត់ផ្គង់។

ទីពីរ កសាងអាស៊ីបូព៌ាដ៏រឹងមាំ និងធន់។ យើងត្រូវរៀបចំផែនការទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការសារពើពន្ធ និងហិរញ្ញវត្ថុក្នុងតំបន់។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយភាគីទាំងអស់ដើម្បីស្វែងរកការច្នៃប្រឌិតយន្តការ និងពង្រឹងកម្រិតនៃកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងក្នុងតំបន់ដោយផ្អែកលើមូលដ្ឋាននៃការពង្រឹងការកសាងយន្តការបម្រុងអង្ករគ្រាអាសន្ន ១០+៣។

ទី៣ កសាងអាស៊ីបូព៌ាប្រកបដោយភាពច្នៃប្រឌិត និងថាមវន្ត។ យើងត្រូវតែចាប់យកឱកាសដែលបង្ហាញដោយជុំថ្មីនៃបដិវត្តន៍បច្ចេកវិទ្យា និងឧស្សាហកម្ម ហើយជំរុញការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ជាមួយនឹងការច្នៃប្រឌិត។

ទី៤ កសាងអាស៊ីបូព៌ាជាមួយការតភ្ជាប់វប្បធម៌។ យើងគួរតែបន្តអនុវត្តកម្មវិធី “CAMPUS Asia” និងលើកកម្ពស់ការផ្លាស់ប្តូរនិស្សិត និងការបណ្តុះបណ្តាលទេពកោសល្យ ក្នុងចំណោមប្រទេសអាស៊ានបូកបី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top