ព័ត៌មានអន្តរជាតិ

អង់គ្លេស និងបារាំង រួមគ្នាសម្របសម្រួលការទប់ស្កាត់នុយក្លេអ៊ែរ

xinhua

ឡុងដ៍៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer បានឲ្យដឹងថា ចក្រភពអង់គ្លេស និងបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីអនុញ្ញាតឱ្យប្រទេសទាំងពីរ សម្របសម្រួលការទប់ស្កាត់នុយក្លេអ៊ែររបស់ពួកគេ ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយឈរជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅក្នុងមូលដ្ឋានយោធានៅ Northwood ជិតទីក្រុងឡុងដ៍ លោក Starmer បានឲ្យដឹងថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើសេចក្តីប្រកាស Northwood ក្នុងគោលបំណងបង្ហាញសត្រូវថា ការវាយប្រហារណាមួយនឹងនាំឱ្យមានការឆ្លើយតបពីប្រទេសទាំងពីរ។

សម្រាប់ផ្នែករបស់លោកវិញ លោក ម៉ាក្រុង ដែលបានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលបីថ្ងៃរបស់លោក នៅពេលក្រោយថ្ងៃព្រហស្បតិ៍ បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខរវាងប្រទេសទាំងពីរ ដោយកត់សម្គាល់ថាពេលវេលាបានផ្លាស់ប្តូរនៅអឺរ៉ុប ហើយភាពជាដៃគូអង់គ្លេស-បារាំង “ត្រូវតែផ្លាស់ប្តូរទៅតាមនោះ”។

លោក ម៉ាក្រុង បានលើកឡើងថា ប្រទេសទាំងពីរត្រូវតែប្រឈមមុខនឹងជម្លោះដ៏ធំមួយនៅក្នុងទ្វីបអឺរ៉ុប ដោយសំដៅទៅលើជម្លោះរុស្ស៊ី-អ៊ុយក្រែន ដោយបន្ថែមថា អឺរ៉ុប ត្រូវតែអាចពឹងផ្អែកលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងអង់គ្លេស និងបារាំង ដែលជាមហាអំណាចនុយក្លេអ៊ែរតែពីរនៅអឺរ៉ុប។

សេចក្តីថ្លែងការណ៍របស់ Downing Street បានគូសបញ្ជាក់ពី “ការគំរាមកំហែងយ៉ាងខ្លាំងដល់អឺរ៉ុប” ដែលនឹងជំរុញឱ្យមានការឆ្លើយតបពីប្រទេសទាំងពីរ។ ប្រភពបានឲ្យដឹងថា “សត្រូវណាមួយដែលគំរាមកំហែងដល់ផលប្រយោជន៍សំខាន់ៗរបស់អង់គ្លេស ឬបារាំង អាចត្រូវបានប្រឈមមុខដោយកម្លាំងនៃកម្លាំងនុយក្លេអ៊ែររបស់ប្រទេសទាំងពីរ”។ ទន្ទឹមនឹងនោះ អង់គ្លេស និងបារាំងគ្រោងនឹងបញ្ជាទិញកាំជ្រួចនាវា Storm Shadow ដ៏សាហាវបន្ថែមទៀត ខណៈពេលដែលការបង្កើនការជំនួសឃ្លាំងអាវុធ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងថ្មីនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top