ព័ត៌មានអន្តរជាតិ

វេទិកា Nishan កម្លាំងចលករ អរិយធម៌សកល

ដោយផ្តើមពីឆ្នាំ២០១០មក វេទិកា Nishan ដែលជាវេទិកាអន្តរជាតិ ដ៏សំខាន់មួយផ្តោត លើការសន្ទនា អរិយធម៌អន្តរជាតិ ដើម្បីលើកស្ទួយភាពយោគយល់ នៃអរិយធម៌ របស់មនុស្សជាតិនៅលើពិភពលោក ។ ពីទីក្រុងQufu ខេត្តសានដុង វេទិកា Nishan បានរំលេចយ៉ាងច្បាស់ ពីទស្សនវិជ្ជាសន្តិភាព និយមរបស់ខុងជឺ ដែលបានទទួលបន្ត និងពន្លាតនៅទូទាំង ពិភពលោក ។

តាមរយៈខ្លឹមសារជាសារវន្ត នៃវេទិកានេះ ទស្សនវិជ្ជាខុងជឺ ដែលជាទស្សនវិជ្ជាជំរុញ ពិភពលោករស់ នៅក្នុងសន្តិភាពនិយម និង ពហុភាគី និយមដែលឧទ្ទិស ដល់ការលើកកម្ពស់ ភាពរុងរឿង នៃសង្គមមនុស្ស ស្របតាម គោលបំណងរួម ស្តីពីកិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ ។ ដូចយើងដឹងស្រាប់ហើយថា Nishan គឺជាទីកន្លែងកំណើតរបស់ ខុងជឺ ដែលជាទស្សនវិទូចិនដ៏អស្ចារ្យ ដែលបានបន្សល់ ទុកនូវស្នាដៃ ជាច្រើនសម្រាប់ មនុស្សជាតិ ដើម្បីសិក្សាឈ្វេងយល់ និងការរៀន សូត្រពីគ្នាទៅវិញ ទៅមក នៃអរិយធម៌ ហើយជាការចាក់ បញ្ចូលនូវធាតុ ចូលកាន់តែសកម្មដល់គំនិតផ្តួចផ្តើម អរិយធម៌សកលដែលជាចក្ខុវិស័យរួម សម្រាប់ការកសាងអនាគត នៃកិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នា របស់មនុស្សជាតិ ។ បន្ថែមពីលើនេះ វេទិកា Nishan បាននិងកំពុង បញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួមរបស់មនុស្សជាតិចំពោះភាពបើកចំហ បរិយាប័ន្ន និងភាពចម្រុះនៃវប្បធម៌ ហើយលើកទឹកចិត្តយើង ឱ្យចាត់ទុកភាពខុសគ្នានៃអរិយធម៌មិនមែនជាឧបសគ្គនោះទេ ផ្ទុយទៅវិញវាជាប្រភព នៃកម្លាំងសាមគ្គីភាព ។ ក្នុងការបន្ស៊ី ជាមួយខ្លឹមសារនេះ វិទ្យាស្ថានខុងជឺ និងសមាគមខុងជឺ អន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់ ដែលបានរួមចំណែកធ្វើឱ្យចំណងមិត្តភាព រវាងចិន និងបរទេសកាន់តែមានភាពស៊ីជម្រៅ ជាក់ស្តែង ខុងជឺបានទូន្មានថា «ពិភពលោកសុខសាន្តត្រាណ» ជាគោលដៅឧត្តមគតិមួយរបស់វប្បធម៌គំនិតប្រពៃណីចិន ហើយដែលត្រូវយកទៅចែករំលែក និងបញ្ជ្រាបចូល ទៅក្នុងស្មារតីរបស់មនុស្សជាតិ។

ដោយជំរុញល្បឿននៃកិច្ចកសាងសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ គិតដល់ឆ្នាំ២០២៥ វេទិកា Nishan បានប្រារព្ធចំនួន១១លើក ហើយឆ្នាំនេះបានរៀបចំក្រោមប្រធានបទ «ចែករំលែកអរិយធម៌ល្អផូរផង់ជាមួយគ្នា – ទំនាក់ទំនងរវាងអរិយធម៌និងទំនើបកម្មពិភពលោក» បានក្លាយជាវេទិកាវិទ្យាសាស្រ្តដោយបានស្រូបទាញអ្នកនយោបាយ អ្នកការទូត ក្រុមបញ្ញាញាណជាន់ខ្ពស់ ក្រុមសង្គមស៊ីវិល ជាពិសេសក្រុមអ្នកជំនាញខាងបេតិកភណ្ឌមនុស្សជាតិមកពីUNESCO និងបណ្តាប្រទេសជាច្រើន ផ្តល់នូវទស្សនាទាន និងចក្ខុវិស័យរួមគ្នាក្នុងវិស័យការទូតវប្បធម៌ដោយផ្តោតលើការអភិវឌ្ឍនិងការតភ្ជាប់ជាសកល ការធ្វើសមាហរណកម្មវប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដើម្បីចូលរួមលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក។ តាមរយៈវេទិកានេះ អ្នកជំនាញ អ្នកឯកទេស អ្នកប្រតិបត្តិលើវិស័យអរិយធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន បានរួមគ្នាចែករំលែកការរៀនសូត្រ ពង្រីកទំហំសន្តិភាព និងបង្ហាញពីតម្លៃនៃការយោគយល់គ្នា និងកិច្ចសហប្រតិបត្តិការរវាងអរិយធម៌ផ្សេងៗគ្នា ជាពិសេសលទ្ធផលនៃសមាហរណកម្មនៃអរិយធម៌បូព៌ា និងអរិយធម៌បស្ចិមប្រទេស ដែលនឹងក្រើនរំលឹកដល់ពិភពលោកពីគុណតម្លៃកាន់តែប្រពៃនៃ«គំនិតផ្តួចផ្តើមអរិយធម៌សកល»ដែលតែងបានគូសរំលេចថាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិង រួមរស់ដោយផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ជំរុញពិភពលោកឱ្យអភិវឌ្ឍឆ្ពោះ ទៅកាន់សន្តិភាព ស្ថិរភាពនិងវិបុលភាព។

ដោយមិនងាករេ ពីសន្តិភាព និយម វិបុលភាពនិយម ពហុភាគីនិយម អភិវឌ្ឍនិយម វេទិកា Nishan បានពូនផ្តុំកម្លាំង ប្រជាជាតិ នានាពីបណ្តាប្រទេស ដែលផ្តល់តម្លៃខ្ពស់ដល់ស្មារតីផ្លូវសូត្របុរាណ បង្កើតបានជាមជ្ឈមណ្ឌល ដ៏សំខាន់មួយសម្រា ប់ការសិក្សារៀន សូត្រ ការចែករំលែក និងការប្រាស្រ័យទាក់ទងជាមួយគ្នា ប្រកបដោយភាព ស្និទ្ធស្នាលនៃសម្លេងរបស់មនុស្សជាតិដោយផ្តល់សារសំខាន់ជាអាទិភាពដល់ការតភ្ជាប់កាន់តែរឹងមាំរវាងប្រជាជននិងប្រជាជនដើម្បីឱ្យមនុស្សជាតិបាន ប្រាកដរួមគ្នាថាភាពខុសគ្នា នៃវប្បធម៌មិនមែនជាឧបសគ្គនោះទេ ប៉ុន្តែវាគួរជាស្ពានដែលភ្ជាប់ចិត្ត និងភ្ជាប់គំនិត លើសពីព្រំដែន របស់ប្រទេសនីមួយៗ ស្របពេលដែលសព្វថ្ងៃនេះ ពិភពលោកស្ថិតនៅក្នុងស្ថានភាព នៃភាពមិនប្រាកដប្រជា ជម្លោះ និងការកើនឡើងនៃភាពមិនអត់ឱន។

ដោយគ្រាន់តែយើង រួមគ្នាទទួលយក គំនិតដែលថាក្នុងពេលតែមួយ យើងទាំងអស់គ្នាជាសិស្សផង និងជាគ្រូបង្រៀនលើ វិស័យអរិយធម៌ នោះវេទិកា Nishan នឹងផ្តល់ឱ្យយើងរួមគ្នាដាំគ្រាប់ពូជនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងមិត្តភាព ហើយវេទិកា Nishan ក៏ជាគ្រាប់ពូជដែលនឹងរីកដុះដាលឆ្លងកាត់ព្រំដែន និងឆ្លងជំនាន់ ហើយយើងនឹងជៀសផុតពីជម្លោះ និងការប្រឈមមុខដាក់គ្នា ដោយរក្សាបាន នូវសន្តិសុខរួម ការអភិវឌ្ឍប្រកបដោយចីរភាព ការចែករំលែកផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ- ឈ្នះ ការផ្លាស់ប្តូរនិង ការរៀនសូត្រទៅវិញទៅមក និងការយកចិត្តទុកដាក់លើផែនដី ជាមួយនឹងការអភិវឌ្ឍ បៃតង ហើយពិភពលោកនឹងមានភាពរុងរឿង។ ការណ៍នេះ វេទិកា Nishan បានក្លាយជាកម្លាំង ចលករដល់មនុស្សជាតិបង្កើនការប្រាស្រ័យទាក់ទង រវាងប្រជាជននិងប្រជាជនជាមួយ បង្កើនបរិយាកាសផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាប្រកបដោយភាពចុះសម្រុង និងបង្កើនបណ្តាញសហប្រតិបត្តិការ សម្រាប់កិច្ចសន្ទនា រវាងអរិយធម៌សកលដ៏ចម្រុះបែប ។
ជារួម ដោយទទួលស្គាល់រួមគ្នាថាសុភមង្គល របស់មនុស្សជាតិត្រូវបានឆ្លើយតប តាមរយៈទស្សនវិជ្ជាចិន ដែលបានចេញដំណើរពី ទស្សនវិជ្ជាខុងជឺកាលពី២៥០០ឆ្នាំមុន ហើយបានចាក់បញ្ចូលក្នុង ប្រាជ្ញាចិន ក្នុងរយៈពេល១២ឆ្នាំមកនេះ ដែលបានផ្តួចផ្តើមឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិនស្តីពីកិច្ចកសាង សហគមន៍រួមវាសនា នៃមនុស្សជាតិ នោះពិភពលោកនឹងផ្តល់គុណតម្លៃដល់វេទិកា Nishan ថាជាគីឡូម៉ែត្រចេញដំណើរ ក្នុងការលើកស្ទួយការសន្ទនាអន្តរអរិយធម៌ បង្កើនការយោគយល់គ្នារវាងអរិយធម៌នានា និងពន្លាតស្មារតីសន្តិភាពនិយម ដែលជាបំណងប្រាថ្នារួម រ បស់មនុស្សជាតិ ហើយវេទិកានេះ នឹងផ្តល់នូវមាគ៌ាកាន់តែសុក្រឹត ពីដំណើរឆ្ពោះទៅកាន់ ការអភិវឌ្ឍ ប្រកបដោយចីរភាព ស្របតាមនិន្នាការនៃសម័យកាល៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍន ភាពកម្ពុជា-ចិន

To Top