ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ ជំរុញឱ្យសហភាពអឺរ៉ុប ចាត់វិធានការ ប្រសិនបើការចរចាពន្ធ ជាមួយអាមេរិកបរាជ័យ

xinhua

ប៊ែរឡាំងៈ អនុអធិការបតី និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានឲ្យដឹងថា សហភាពអឺរ៉ុប  ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើការចរចារពន្ធគយបរាជ័យ ក្នុងការបន្ធូរបន្ថយជម្លោះពាណិជ្ជកម្មពិភពលោក ដែលកំពុងកើនឡើង នេះបើយោងតាមកាសែតអាល្លឺម៉ង់ Sueddeutsche Zeitung ។

ការកត់សម្គាល់របស់ Klingbeil គឺឆ្លើយតបទៅនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ក្នុងការដាក់ពន្ធ ៣០ ភាគរយលើការនាំចូលពីអឺរ៉ុប នៅថ្ងៃទី១ ខែសីហា បន្ទាប់ពីការចរចារហូតមកដល់ពេលនេះមិនទទួលបានកិច្ចព្រមព្រៀង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ដោយជំរុញឱ្យមានការបញ្ចប់ភាពតានតឹងពាណិជ្ជកម្មដែលកើនឡើងនោះ លោក Klingbeil បានឲ្យដឹងថា “ពន្ធរបស់លោក ត្រាំ នឹងបង្កើតតែអ្នកចាញ់ ពួកគេបានគំរាមកំហែងដល់សេដ្ឋកិច្ចអាមេរិក ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មនៅអឺរ៉ុបដែរ” ។ លោក Klingbeil ត្រូវបានដកស្រង់សម្តីដោយ Sueddeutsche Zeitung ថា អឺរ៉ុប មិនត្រូវការ “ការគំរាមកំហែងថ្មី ឬការបង្កហេតុ ក្រៅតែពីកិច្ចព្រមព្រៀងយុត្តិធម៌” ។

លើសពីនេះ លោក Klingbeil បានព្រមានថា អាល្លឺម៉ង់នឹងមិនរក្សាភាពអសកម្មនោះទេ ប្រសិនបើការពិភាក្សាបរាជ័យ។ លោកបានលើកឡើង ថា “ប្រសិនបើដំណោះស្រាយត្រឹមត្រូវមិនអាចឈានដល់បាន យើងត្រូវតែចាត់វិធានការប្រឆាំងយ៉ាងដាច់ខាត ដើម្បីការពារការងារ និងអាជីវកម្មនៅអឺរ៉ុប ដោយបន្ថែមថា ការត្រៀមខ្លួនកំពុងធ្វើរួចហើយ ដៃយើងនៅតែលាតចេញ ប៉ុន្តែយើងនឹងមិនទៅតាមអ្វីគ្រប់យ៉ាងឡើយ»។

លោក Klingbeil ក៏បានឲ្យដឹងផងដែរថា អាល្លឺម៉ង់ នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មពិភពលោករបស់ខ្លួន។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់អាល្លឺម៉ង់។ ក្នុងឆ្នាំ ២០២៤ ប្រទេសអាល្លឺម៉ង់ បាននាំចេញទំនិញដែលមានតម្លៃ ១៦១ ពាន់លានអឺរ៉ូ (១៨៨ ពាន់លានដុល្លារអាមេរិក) ទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងអតិរេកពាណិជ្ជកម្មជិត ៧០ ពាន់លានអឺរ៉ូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top