វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ជូន សព្វាវុធទៅកាន់ប្រទេស អ៊ុយក្រែន តាមរយៈអង្គការណាតូ ហើយបានគំរាមកំហែងដាក់ពន្ធយ៉ាងធ្ងន់ធ្ងរ សំដៅលើប្រទេស រុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់មិនត្រូវបានសម្រេចក្នុងរយៈពេល ៥០ថ្ងៃ។
ខណៈពេលដែលជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅការិយាល័យ Oval លោក ដូណាល់ ត្រាំ បានប្រកាសកិច្ចព្រមព្រៀងជាមួយអង្គការណាតូ ទាក់ទងនឹងសព្វាវុធ ដើម្បីជួយដល់អ៊ុយក្រែន ។ លោកបានលើកឡើងថា “យើងនឹងបញ្ជូនអាវុធឱ្យពួកគេ ហើយពួកគេនឹងបង់ប្រាក់” ដោយបន្ថែមថា សហរដ្ឋអាមេរិក នឹងផលិតអាវុធទាំងនោះ។
ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយ អំពីប្រទេសរុស្ស៊ីថា «អាមេរិកនឹងធ្វើការយកពន្ធយ៉ាងធ្ងន់ធ្ងរ ប្រសិនបើមិនមានកិច្ចព្រមព្រៀងក្នុងរយៈពេល ៥០ ថ្ងៃទេនោះ»។ សារព័ត៌មានជាច្រើនបានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានកត់សម្គាល់ថា នឹងមាន “ពន្ធបន្ទាប់បន្សំ” ប្រហែល ១០០ ភាគរយលើប្រទេសរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោក Howard Lutnick បានបញ្ជាក់នៅពេលក្រោយថា លោក ដូណាល់ ត្រាំ មានន័យថា “ទណ្ឌកម្មសេដ្ឋកិច្ច” នៅពេលដែលលោកបានគំរាមកំហែង “ពន្ធបន្ទាប់បន្សំ” ប្រឆាំងនឹងប្រទេសរុស្ស៊ី ប្រសិនបើទីក្រុងម៉ូស្គូ មិនឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនក្នុងរយៈពេល ៥០ ថ្ងៃ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៅការិយាល័យ Oval លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចព្រមព្រៀង ជាមួយសម្ព័ន្ធមិត្ត របស់អង្គការណាតូ ត្រូវបានធ្វើរួច និងបានអនុម័តទាំងស្រុង។ លោកបន្ដថា “យើងនឹងបញ្ជូនពួកគេ នូវសព្វាវុធជាច្រើនប្រភេទ។ «ហើយគេនឹងបញ្ជូនអាវុធទាំងនោះភ្លាមៗទៅកាន់ទីតាំងសង្គ្រាម ទីតាំងសង្គ្រាមផ្សេងគ្នា ហើយពួកគេនឹងបង់ប្រាក់ ១០០ ភាគរយ»។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់ ក្រុមអ្នកសារព័ត៌មានថា ប្រព័ន្ធខែលការពារដែនអាកាស Patriot មួយចំនួននឹង ទៅដល់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត ។ លោកបានគូសបញ្ជាក់ថា បណ្ដាប្រទេសអឺរ៉ុប ដែលមានអ្នកស្នេហាជាតិ នឹងផ្ទេរពួកគេទៅអ៊ុយក្រែន ហើយ “ពួកគេនឹងចាប់ផ្តើមទៅដល់អ៊ុយក្រែនឆាប់ៗនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា
