ព័ត៌មានអន្តរជាតិ

លោក Xi Jinping ជួបពិភាក្សាជាមួយប្រធាន គណៈប្រតិភូបរទេស ដែលចូលរួមកិច្ចប្រជុំ នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស នៃរដ្ឋសមាជិកអង្គការ សហប្រតិបត្តិការសៀងហៃ

នាព្រឹកថ្ងៃទី ១៥ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សា ការងារជាមួយរដ្ឋមន្ត្រី ការបរទេស និងអ្នកទទួលខុសត្រូវ នៃស្ថាប័នអចិន្ត្រៃយ៍ នៃបណ្តាប្រទេស ដែលទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេស នៃរដ្ឋសមាជិក អង្គការសហប្រតិបត្តិការសៀងហៃ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងរយៈពេល ២៤ ឆ្នាំ ចាប់តាំងពីបានបង្កើតឡើងមក អង្គការសហប្រតិបត្តិការសៀងហៃ តែងតែប្រកាន់ខ្ជាប់នូវ”ស្មារតីសៀងហៃ” ហើយមានភាពចាស់ទុំ និងរីកចម្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រទេសចិន តែងតែចាត់ទុកអង្គការសហប្រតិបត្តិការ សៀងហៃ ជាអាទិភាពក្នុងទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការ សៀងហៃកាន់តែរឹងមាំ និងខ្លាំងក្លា។ ប្រឈមមុខនឹង ស្ថានការណ៍អន្តរជាតិ ដែលមានការផ្លាស់ប្តូរនិងភាព ច្របូកច្របល់ប្រទាក់ក្រឡាគ្នា អង្គការសហប្រតិបត្តិការសៀងហៃ គួរដាក់បញ្ចូល ស្ថិរភាព និង ថាមពលវិជ្ជមានបន្ថែមទៀតសម្រាប់ពិភពលោក ។ លោកបានលើកសំណើថា ទី១ ចងចាំពីគោលបំណងដើម នៃការបង្កើតអង្គការ និងធ្វើជាអ្នកបន្តវេននៃ “ស្មារតីសៀងហៃ” ។ ទី២ ឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជន និងធ្វើជាសកម្មជនក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ។ ទីបី រ៉ាប់រងបេសកកម្មនៃយុគសម័យ និងធ្វើជាអ្នកអនុវត្តនៃការកសាង សហគមន៍រួមជោគវាសនាសម្រាប់មនុស្សជាតិ ។

លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានតំណាងប្រតិភូបរទេសថ្លែងថា អង្គការសហប្រតិបត្តិការសៀងហៃ បានប្រកាន់ខ្ជាប់នូវ “ស្មារតីសៀងហៃ” ដែលជឿទុកចិត្តគ្នា ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក សមភាព ពិគ្រោះពិភាក្សាគ្នា គោរពពិពិធកម្មអរិយធម៌ និងស្វែងរកការអភិវឌ្ឍរួម ដែលទទួលបានសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ ដែលគួរឱ្យកត់សម្គាល់ ហើយកម្លាំងទាក់ទាញអន្តរជាតិក៏កំពុងកើនឡើងឥតឈប់ឈរ។ ភាគីទាំងអស់មានឆន្ទៈគាំទ្រយ៉ាងសកម្មដល់ការងាររបស់ប្រទេសចិនដែលជាប្រធានផ្លាស់វេន ដើម្បីធានាឱ្យកិច្ចប្រជុំកំពូលក្រុង Tianjinទទួលបានជោគជ័យ ដោយគាប់ប្រសើរ ៕

To Top