បរទេស៖ រដ្ឋមន្ត្រីខុទ្ទកាល័យ របស់ប្រទេសថៃបីនាក់ នៅថ្ងៃអង្គារនេះ បានបដិសេធរបាយការណ៍ដែលថា សហរដ្ឋអាមេរិក ទាមទារចង់ប្រើប្រាស់ មូលដ្ឋានទ័ព ជើងទឹកនៅក្នុងខេត្ត Phanngga ភាគខាងត្បូង ក្នុងអំឡុងពេលចរចារពន្ធជាមួយប្រទេសថៃ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ គឺលោក Phumtham Wechayachai បានសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបានផ្សាយថា សហរដ្ឋអាមេរិកចង់ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹក Phang-nga ដែលនៅជាប់សមុទ្រ Andaman ជាថ្នូរនឹងការអនុគ្រោះក្នុងអំឡុងពេលចរចារពន្ធ។
លោក Phumtham បាននិយាយនៅវិមានរដ្ឋាភិបាលនៅថ្ងៃអង្គារថា លោកមិនដែលពិភាក្សាអំពីបញ្ហាបែបនេះជាមួយសហរដ្ឋអាមេរិកនោះទេ។
លោក Phutham ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីស្តីទីផងនោះ បាននិយាយថា កងទ័ពជើងទឹកចង់អភិវឌ្ឍមូលដ្ឋាន Phang-nga ជាកន្លែងដ៏សំខាន់ ប៉ុន្តែមានឧបសគ្គលើបញ្ហាថវិកា៕
ប្រែសម្រួលៈ ណៃ តុលា
