ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ថា ប្រទេសអាល្លឺម៉ង់ មានប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយ សហរដ្ឋអាមេរិកតែ ៦គ្រឿង ប៉ុណ្ណោះក្នុងឃ្លាំង

New york Time

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បានប្រាប់កាសែត Financial Times ថា ប្រទេស អាល្លឺម៉ង់មានប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិកតែ ៦គ្រឿង ប៉ុណ្ណោះ ដែលអាចប្រើបាន។ មន្ត្រីរូបនេះបានបន្ថែមថា ទីក្រុងប៊ែរឡាំងមិនអាច ដកប្រព័ន្ធសព្វាវុធក្នុងស្តុកទុក របស់ខ្លួនដើម្បីផ្តល់អាវុធ ដល់ក្រុងកៀវបានទៀតទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ខណៈពេលដែលអ៊ុយក្រែនបានទទួលប្រព័ន្ធការពារដែនអាកាស Patriot ជាច្រើន ចាប់តាំងពីជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី បានកើនឡើងនៅក្នុងខែកុម្ភៈឆ្នាំ ២០២២ លោក Vladimir Zelensky ដែលជាប្រធានាធិបតី អ៊ុយក្រែន ពេលថ្មីៗនេះបាននិងកំពុងជំរុញកាន់តែខ្លាំងឡើង នូវការគាំទ្ររបស់លោកខាងលិចឱ្យផ្តល់បន្ថែមទៀត។

នៅក្នុងបទសម្ភាសន៍ជាមួយ Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Pistorius បាននិយាយថា “យើងនៅសល់តែ ៦គ្រឿងប៉ុណ្ណោះនៅ ក្នុងប្រទេសអាឡឺម៉ង់” ដោយបង្ហាញថា ប្រព័ន្ធការពារដែនអាកាស Patriot ចំនួនពីររបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានខ្ចីហើយយក ទៅប្រទេសប៉ូឡូញ ខណៈដែលមួយទៀតមិនអាចប្រើបានដោយសារការថែទាំឬការបណ្តុះបណ្តាល។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់រូបនេះ បានសង្កត់ធ្ងន់ថា “នោះពិតជាតិចតួចណាស់ ជាពិសេសការពិចារណាលើគោលដៅ សមត្ថភាពរបស់ណាតូដែលយើង ត្រូវបំពេញ ។ យើងពិតជាមិនអាចផ្តល់ឱ្យទៀតទេ” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអាទិត្យ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីការត្រៀមខ្លួនរបស់លោកក្នុងការផ្គត់ផ្គង់ ប្រព័ន្ធការពារដែនអាកាស Patriot ជាច្រើនទៀតដល់អ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា

To Top