បរទេស៖ បារាំងរំពឹងថា នឹងមាន “សង្រ្គាមដ៏ធំ” នៅអឺរ៉ុប នៅឆ្នាំ២០៣០, នេះបើយោងតាមការពិនិត្យឡើងវិញ នូវយុទ្ធសាស្ត្រជាតិថ្មី ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទដោយអគ្គលេខាធិការ ដ្ឋានការពារជាតិ និងសន្តិសុខជាតិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ទោះបីជាមានការបដិសេធ របស់ទីក្រុងមូស្គូថា ខ្លួនមានគម្រោងវាយប្រហារអឺរ៉ុបក៏ដោយ ឯកសារនេះបានដាក់ឈ្មោះរុស្ស៊ីថាជាការគំរាមកំហែងចម្បង រួមជាមួយនឹងប្រទេសអ៊ីរ៉ង់ ចិន អំពើភេរវកម្ម ការបំបែកខ្លួន ការរៀបចំឧក្រិដ្ឋកម្ម និងការវាយប្រហារតាមអ៊ីនធឺណិត ។
ការពិនិត្យឡើងវិញបានព្រមានថា “យើងកំពុងឈាន ចូលយុគសម័យថ្មីមួយ ដែលក្នុងនោះមានហានិភ័យខ្ពស់ នៃសង្គ្រាមកម្រិតខ្លាំងដ៏ធំមួយនៅអឺរ៉ុប នៅឆ្នាំ ២០៣០” និងបានព្រមានថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តអឺរ៉ុប នឹងក្លាយជាគោលដៅ។ របាយការណ៍នេះសំដៅលើ ‘ការគំរាមកំហែងរបស់រុស្ស៊ី’, ‘ការឈ្លានពានរបស់រុស្ស៊ី’ និងលក្ខខណ្ឌដែលពាក់ព័ន្ធជាង ៥០ ដង រួមទាំងនៅក្នុងបុព្វកថា ឬពាក្យនិយាយខាងដើមរបស់ប្រធានាធិបតី Emmanuel Macron ផងដែរ។
ការពិនិត្យនេះព្រមានថា រុស្ស៊ីអាចនឹងធ្វើសកម្មភាព ប្រឆាំងនឹងប្រទេសម៉ុលដូវ៉ា តំបន់បាល់កង់ ឬសមាជិកអូតង់ អឺរ៉ុបខាងកើត ។ វាក៏ដាក់ឈ្មោះអ៊ីរ៉ង់ និងចិនថាជាការគម្រាមកំហែងជាយុទ្ធសាស្ត្រផងដែរ ៖ អ៊ីរ៉ង់ត្រូវបានចោទ ប្រកាន់ពីបទអស្ថិរភាព នៅមជ្ឈិមបូព៌ា ខណៈដែលប្រទេសចិន ត្រូវបានគេបង្ហាញថា កំពុងស្វែងរកការត្រួតត្រា ពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា
