បរទេស៖ ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានស្វាគមន៍ការសន្យា របស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់ទីក្រុង គៀវ ប៉ុន្តែលោកស្រីបានអះអាងថា លោក Trump មិនអាចទាមទារវាថាជាជំនួយ របស់សហរដ្ឋអាមេរិកបានទេ ប្រសិនបើរដ្ឋរបស់អង្គការណាតូនៅអឺរ៉ុប គឺជាអ្នកគិតលុយទាំងស្រុង លើគំនិតផ្តួចផ្តើមនេះ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងអនុញ្ញាតឱ្យសមាជិកណាតូផ្សេងទៀតទិញប្រព័ន្ធការពារមីស៊ីល Patriot ផលិតដោយអាមេរិក និង អាវុធផ្សេងទៀតសម្រាប់អ៊ុយក្រែន ប៉ុន្តែបានបង្ហាញថា អ្នកជាប់ពន្ធអាមេរិកនឹង លែងផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគៀវទៀតហើយ។
មេដឹកនាំអាមេរិកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte នៅការិយាល័យ Oval ដោយបន្ថែមថា “សហរដ្ឋអាមេរិកនឹងមិនមានការបង់ប្រាក់ណាមួយនោះទេ យើងមិនទិញវាទេ ប៉ុន្តែយើងនឹងផលិតវា (អាវុធ) ហើយពួកគេនឹង ចំណាយសម្រាប់វា” ដោយលោកបន្ថែមថា “នេះនឹងក្លាយជាអាជីវកម្ម សម្រាប់យើង” ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោកស្រី Kallas បានស្វាគមន៍ការប្រកាសរបស់លោក Trump ប៉ុន្តែបានកត់សម្គាល់ថា ទីក្រុងប្រ៊ុចសែល “ចង់ឃើញសហរដ្ឋអាមេរិក ចែករំលែកបន្ទុក” ។
លោកស្រី Kallas បានពន្យល់នៅពេលត្រូវ បានសួរឱ្យបញ្ជាក់ពីអ្វីដែលលោកស្រីមានន័យថា ចែករំលែកបន្ទុក។ ប្រសិនបើយើង ចំណាយ សម្រាប់អាវុធទាំងនេះ – វាគឺជាការគាំទ្ររបស់យើង វាគឺជាការគាំទ្ររបស់អឺរ៉ុប “យើងកំពុង ធ្វើឱ្យបានច្រើន តាមតែអាចធ្វើទៅបានដើម្បីជួយអ៊ុយក្រែន ដូច្នេះហើយការអំពាវនាវគឺថា អ្នករាល់គ្នានឹងធ្វើដូចគ្នា។ អ្នកដឹងទេ ប្រសិនបើអ្នកសន្យាថា នឹងផ្តល់អាវុធ ប៉ុន្តែនិយាយថាអ្នកផ្សេងនឹងបង់ប្រាក់ – វាពិតជាមិនត្រូវបានផ្តល់ ឱ្យដោយអ្នកទេមែនទេ?” ៕
ប្រែសម្រួលៈ ណៃ តុលា
