បរទេស៖ ប្រទេសចិនបានរិះគន់ផែនការ របស់សហរដ្ឋអាមេរិកក្នុងការ វាយប្រហារដៃគូពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយ នឹងពន្ធបន្ទាប់បន្សំ 500% ដោយចិនបានហៅការស្នើពន្ធនេះថា ជា “ទណ្ឌកម្មឯកតោភាគីខុសច្បាប់” ដែលបំផ្លាញកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការរិះគន់នេះធ្វើឡើង បន្ទាប់ពីច្បាប់ ដែលត្រូវបានដាក់ដោយព្រឹទ្ធសមាជិក អាមេរិក Lindsey Graham ហើយប្រសិនបើត្រូវបានអនុម័ត នោះវានឹងផ្តល់សិទ្ធិ អំណាចដល់ប្រធានាធិបតីអាមេរិក Donald Trump ក្នុងការដាក់ពន្ធរហូតដល់ 500% លើប្រទេសដែលរក្សាពាណិជ្ជកម្មជាមួយរុស្ស៊ី។ លោក Graham បានជ្រើសរើសក្រុមប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ដោយសង្កត់ធ្ងន់ថា លោក Trump នឹងមាន “ភាពបត់បែនអតិបរមា” ក្នុងការអនុវត្តទណ្ឌកម្ម ។
ឆ្លើយតបទៅនឹងសំណួរអំពីការគំរាមកំហែងពន្ធនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា ទីក្រុងប៉េកាំង “ប្រឆាំងដាច់ខាត រាល់ទណ្ឌកម្មជាឯកតោភាគីខុសច្បាប់ និងយុត្តាធិការផ្លូវច្បាប់”។ លោកបានបន្ថែមថា “មិនមានអ្នកឈ្នះនៅក្នុង សង្គ្រាមពន្ធគយទេ” ហើយបានរំលឹកឡើងវិញថា “ការសន្ទនា និងការចរចាគឺជាមធ្យោបាយតែមួយគត់” ដើម្បីបញ្ចប់ជម្លោះ។
លោក Graham បានអះអាងថា វិធានការនេះនឹងផ្តល់ឱ្យ Trump នូវ “ញញួរធំ” ប្រឆាំងនឹងរុស្ស៊ី ។ ចំណែកទីក្រុងមូស្គូវិញ គឺបានថ្កោលទោស ការដាក់ទណ្ឌកម្មនេះ ហើយថា វាខុសច្បាប់ និងបានចោទប្រទេសលោកខាងលិច ថាបានកេងប្រវ័ញ្ចពីជម្លោះអ៊ុយក្រែន ដើម្បីរារាំងការអភិវឌ្ឍន៍របស់រុស្ស៊ី៕
