វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា អ៊ុយក្រែន មិនគួរកំណត់គោលដៅលើទីក្រុងមូស្គូនោះទេ បន្ទាប់ពីមានរបាយការណ៍ មួយបញ្ជាក់ថា លោកបានលើកទឹកចិត្តទីក្រុងគៀវ ឱ្យបង្កើនការវាយប្រហារយ៉ាងជ្រៅ ទៅក្នុងទឹកដីរុស្ស៊ី នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅ South Lawn នៃសេតវិមាន នៅពេលសួរថាតើលោកគិតថា ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី គួរតែកំណត់គោលដៅទីក្រុងមូស្គូថា “ទេ គាត់មិនគួរកំណត់គោលដៅលើទីក្រុងម៉ូស្គូនោះទេ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅពេលសួរថាតើសហរដ្ឋអាមេរិក នឹងបញ្ជូនកាំជ្រួចរយៈ ចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះ លោក ដូណាល់ ត្រាំ បានឆ្លើយតបថា “ទេ យើងមិនសម្លឹងរកការធ្វើវានោះទេ” ។ ហើយនៅពេលសួរថាតើលោកនៅខាងអ៊ុយក្រែនដែរទេ ក្នុងនោះលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមិនឈរនៅខាងអ្នកណាទេ៕
ប្រែសម្រួល ឈូក បូរ៉ា
