ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ឥណ្ឌូនេស៊ីនឹងបង់ពន្ធ ១៩ ភាគរយ លើទំនិញទាំងអស់ ដែលបាននាំចេញទៅកាន់ សហរដ្ឋអាមេរិក ខណៈដែលការនាំចេញ របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសឥណ្ឌូនេស៊ី គឺគ្មានពន្ធគយ និងរបាំងមិនមែនពន្ធនោះទេ។
លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា “លោកបានបញ្ចប់កិច្ចព្រមព្រៀង ដ៏សំខាន់មួយជាមួយសាធារណរដ្ឋ ឥណ្ឌូនេស៊ី បន្ទាប់ពីបានជជែក ជាមួយប្រធានាធិបតីលោក Prabowo Subianto ។ កិច្ចព្រមព្រៀងដ៏សំខាន់នេះ អនុញ្ញាតឲ្យមានការបើកទីផ្សារទាំងមូល របស់ប្រទេសឥណ្ឌូនេស៊ី ទៅកាន់សហរដ្ឋអាមេរិក ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ” ។
លោកបានបន្ថែមថា ជាផ្នែកនៃកិច្ចព្រមព្រៀងនេះ ប្រទេសឥណ្ឌូនេស៊ី បានប្តេជ្ញាទិញថាមពលចំនួន ១៥ ពាន់លានដុល្លារអាមេរិក និងផលិតផលកសិកម្មចំនួន ៤,៥ ពាន់លានដុល្លារពីទីផ្សារសហរដ្ឋអាមេរិក ក្រៅពីយន្តហោះ Boeing ចំនួន ៥០ គ្រឿង។
លោក ដូណាល់ ត្រាំ បានសរសេរថា “ជាលើកដំបូងដែលមិនធ្លាប់មាន កសិករ និងអ្នកនេសាទរបស់យើង នឹងមានសិទ្ធិចូលប្រើប្រាស់ពេញលេញ និងសរុបទៅកាន់ទីផ្សារឥណ្ឌូនេស៊ីជាង ២៨០ លាននាក់” ៕
ប្រែសម្រួល ឈូក បូរ៉ា
