ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ផ្អាកការចូលរួម ក្នុងអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាមគ្រាប់មីន ប្រឆាំងមនុស្សជាតិ

គៀវ៖ សមាជិកសភា អ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារទី ១៥ ខែកក្កដាថា សភាអ៊ុយក្រែន បានបោះឆ្នោត ផ្អាកជាបណ្តោះអាសន្ននូវការចូលរួម របស់ប្រទេសនេះ នៅក្នុងអនុសញ្ញាអូតាវ៉ា ដែលជាសន្ធិសញ្ញាអន្តរជាតិ ដែលហាមឃាត់ការប្រើប្រាស់គ្រាប់មីន ប្រឆាំងមនុស្ស។

សមាជិកសភាអ៊ុយក្រែនលោក Yaroslav Zheleznyak បានឲ្យដឹងនៅ ក្នុងការបង្ហោះនៅលើបណ្ដាញ Telegram ថា ចលនានេះត្រូវបានអនុម័តដោយសំឡេងគាំទ្រ ២៩៩សំឡេង លើសពីចំនួនអប្បបរមា ដែលត្រូវការចំនួន ២២៦សំឡេង នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា ហេតុផលមួយក្នុងចំណោម ហេតុផលសម្រាប់ការសម្រេចចិត្តនេះគឺ “លក្ខខណ្ឌ asymmetric” ដែលបានផ្តល់ឱ្យថា ប្រទេសរុស្ស៊ី មិនមែនជាភាគី នៃអនុសញ្ញានេះ ដោយបន្ថែមថាការផ្អាកនេះ នឹងមានរយៈពេល រហូតដល់ការបញ្ចប់ជម្លោះទាំងស្រុង។

គួរបញ្ជាក់ថា អ៊ុយក្រែន បានផ្តល់សច្ចាប័ន លើអនុសញ្ញានេះក្នុងឆ្នាំ ២០០៥។ កាលពីខែមុន ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខា លើក្រឹត្យមួយ ដើម្បីដកប្រទេសរបស់លោក ចេញពីសន្ធិសញ្ញានេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top