ព័ត៌មានអន្តរជាតិ

ប្រទេសរដ្ឋសមាជិកណាតូមួយ សម្រេចចិត្តដើរចេញ ពីផែនការផ្គត់ផ្គង់អាវុធឲ្យ អ៊ុយក្រែនរបស់លោក Trump

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រីនៃប្រទេសឆេកលោក Petr Fiala បាននិយាយកាលពីថ្ងៃអង្គារថា សាធារណរដ្ឋឆេកនឹងមិនចូលរួមក្នុង គំនិតផ្តួចផ្តើមថ្មីមួយ ដែលស្នើឡើងក្នុងសប្តាហ៍នេះ ដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីផ្គត់ផ្គង់អាវុធអាមេរិក ដល់អ៊ុយក្រែននោះទេ ។

លោក Trump បានបង្ហាញផែនការនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយអគ្គលេខាធិការ អង្គការណាតូ លោក Mark Rutte ដោយស្នើថា សព្វាវុធរបស់អាមេរិកត្រូវ បានប្រគល់ទៅឱ្យទីក្រុងគៀវ ជាមួយនឹងការផ្តល់មូលនិធិពី សមាជិកណាតូផ្សេងទៀត។

លោកRutte បាន​ដាក់​ឈ្មោះ​ប្រទេស​អាល្លឺម៉ង់​ថា​ជា​ម្ចាស់​ជំនួយ​ចម្បងនិងមុនគេ ដោយ​មាន​ការ​ផ្តល់​មូលនិធិ​ដោយបន្ទាប់បន្សំដោយប្រទេស​ហ្វាំងឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវេស ចក្រភព​អង់គ្លេស ហូឡង់ និង​កាណាដា។

លោកFiala បានប្រាប់សារព័ត៌មាន Publico ថា ៖ សាធារណរដ្ឋឆេកកំពុងផ្តោតលើគម្រោង និងមធ្យោបាយផ្សេងទៀត ដើម្បីជួយអ៊ុយក្រែន ។ ដូច្នេះ​ហើយ​នៅ​ពេល​នេះ យើង​មិន​ពិចារណា​ ចូល​រួម​គម្រោង​នេះ​ទេ។

គួរឲ្យដឹងដែរថាលោក Trump បានចាត់ទុកគំនិតផ្តួចផ្តើមនេះថា ជាឱកាសពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្មការពារជាតិ របស់សហរដ្ឋអាមេរិក និងជាមធ្យោបាយ សម្រាប់ប្រទេស ណាតូក្នុងការបង្កើនសម្ពាធ លើប្រទេសរុស្ស៊ី។យ៉ាងណាក្តីទីក្រុងមូស្គូ បានប្រដូចការខិតខំប្រឹងប្រែងទៅនឹង សហរដ្ឋអាមេរិករៀបចំ អាហារពុលដែលគ្រោះថ្នាក់ដល់ជីវិតសម្រាប់អ៊ុយក្រែន និងបង្ខំឱ្យអ្នកដទៃបង់ប្រាក់សម្រាប់វា៕

ប្រែសម្រួល៖ស៊ុនលី

To Top