ព័ត៌មានអន្តរជាតិ

ប្រទេសអ៊ីតាលី អាចនឹងដោះលែងអ្នកទោសជាង ១០.០០០ នាក់ ដើម្បីបន្ធូរបន្ថយភាពចង្អៀត ណែនក្នុងពន្ធនាគារ

RT News

បរទេស៖ ក្រសួងយុត្តិធម៌អ៊ីតាលី បានប្រកាសថា ប្រទេសអ៊ីតាលីអាចនឹងដោះលែង អ្នកទោសប្រហែល ១០.០០០ នាក់ពីពន្ធនាគារ ឬប្រហែល ១៥ភាគរយ នៃចំនួនអ្នកទោសសរុប ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន ក្នុងពន្ធនាគារ។

យោងតាមគេហទំព័រ Yahoo News បានឱ្យដឹងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ថា ក្រសួងយុត្តិធម៌ របស់ប្រទេសអ៊ីតាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីល្ងាចថ្ងៃអង្គារថា អ្នកទោសប្រហែល ១០.១០៥ នាក់ “មានសិទ្ធិទទួលបាន” សម្រាប់វិធានការជំនួសសម្រាប់ពន្ធនាគារ ដូចជាការឃុំខ្លួនក្នុងផ្ទះ ឬការព្យួរទោសដោយមានលក្ខខណ្ឌ ។

ជម្រើសនេះនឹងអនុវត្ត ចំពោះអ្នកដែលការផ្តន្ទាទោសចុងក្រោយ និងលែងជាកម្មវត្ថុនៃបណ្តឹងឧទ្ធរណ៍ ទោសតិចជាង ២ ឆ្នាំនៅសេសសល់ និងមិនមានបទល្មើសវិន័យធ្ងន់ធ្ងរក្នុងរយៈពេល ១២ ខែចុងក្រោយនេះ។

ក្រសួងបានបន្ថែមថា មនុស្សដែលជាប់ពន្ធនាគារពីទោសឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជាភេរវកម្ម ឧក្រិដ្ឋកម្មរៀបចំ ការចាប់រំលោភ ការជួញដូរជនចំណាកស្រុក និងការចាប់ជំរិត នឹងត្រូវដកចេញពីការដោះលែងនេះ។

យោងតាមមូលដ្ឋានទិន្នន័យសង្ខេប របស់ពន្ធនាគារពិភពលោក ប្រទេសអ៊ីតាលីមានកំណត់ត្រាមួយ ក្នុងចំនោមកំណត់ត្រានៃការចង្អៀតគុក ដ៏អាក្រក់បំផុតរបស់អឺរ៉ុប ជាមួយនឹងកម្រិតកាន់កាប់ប្រហែល ១២២ភាគរយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top