ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន តែងតាំងអតីតនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីការពារជាតិ

China Daily

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានស្នើទៅសភាអ៊ុយក្រែន Verkhovna Rada ដើម្បីតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក Denys Shmyhal ជារដ្ឋមន្ត្រីការពារជាតិថ្មី របស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសារ បង្ហោះនៅលើបណ្ដាញ Telegram ថា “ថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើឯកសារ រួចហើយទៅកាន់សភា Verkhovna Rada នៃប្រទេសអ៊ុយក្រែន ទាក់ទងនឹងលោក Denys Shmyhal ជារដ្ឋមន្ត្រីការពារជាតិថ្មី” ។ នៅក្នុងនោះដែរលោក ហ្សេឡិនស្គី ក៏បានប្រកាសថាលោក Herman Smetanin រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មយុទ្ធសាស្ត្រ នឹងដឹកនាំក្រុមហ៊ុនការពារជាតិ Ukroboronprom របស់ប្រទេស។

លោក Shmyhal បានឲ្យដឹង កាលពីថ្ងៃអង្គារថា លោកបានដាក់លិខិតលាលែងពីតំណែង ដែលជាផ្នែកមួយ នៃការរុះរើរដ្ឋាភិបាលរបស់ប្រទេស ។ នៅព្រឹកថ្ងៃដដែល សភាបានអនុម័តលើការលាលែង ពីតំណែងរបស់លោក Shmyhal ដែលបង្កឱ្យមានការលាលែង ពីតំណែងរបស់រដ្ឋាភិបាលទាំងមូលស្របតាមច្បាប់របស់អ៊ុយក្រែន។

គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រី ដែលចាកចេញនឹងបន្តអនុវត្តភារកិច្ច របស់ខ្លួនរហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានបង្កើតឡើង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top