វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមសេចក្តីរាយការណ៍ បានប្រាប់សមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ថា លោកនឹងបណ្តេញចេញពីតំណែង ប្រធានធនាគារកណ្តាលអាមេរិក លោក Jerome Powell នេះបើយោងតាមការរាយការណ៍ របស់ស្ថានីយទូរទស្សន៍ CNBC ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់សេតវិមាន។
មន្ត្រីអនាមិកបានប្រាប់ CNBC ឲ្យដឹងថា “ប្រធានាធិបតីបានសួរសមាជិកសភាថាតើពួកគេមានអារម្មណ៍យ៉ាងណា ចំពោះការបណ្តេញប្រធានធនាគារ កណ្ដាលអាមេរិករូបនេះចេញពីតំណែង ប៉ុន្ដែគ្មានអ្នកជំទាស់នោះទេ ដោយពួកគេបានសម្តែងការយល់ព្រម សម្រាប់ការបណ្តេញលោកចេញពីតំណែង ។ ប្រធានាធិបតីបានបង្ហាញថា លោកទំនងជានឹងធ្វើវា ក្នុងពេលឆាប់ៗនេះ” ។
ក្រោយមកនៅថ្ងៃពុធ លោក ត្រាំ បានបដិសេធសេចក្តីថ្លែងការណ៍នោះ ។ លោក ត្រាំ បានលើកឡើងថា “យើងមិនមានគម្រោងធ្វើវានោះទេខ្ញុំមិនច្រានចោលអ្វីទេ ប៉ុន្តែខ្ញុំគិតថា វាទំនងជាមិនអាចទៅរួចទេ”។ ការកត់សម្គាល់នេះបានកើតឡើង ចំពេលមានការវាយប្រហារ ម្តងហើយម្តងទៀតពីលោក ត្រាំ លើប្រធានធនាគារកណ្ដាលអាមេរិក ខណៈដែលប្រធានាធិបតីចង់ឱ្យលោក Powell បន្ថយអត្រាការប្រាក់។ ការវាយប្រហារថ្មីៗបំផុត បានកើតឡើងនៅពេលដែលមន្ត្រីសេតវិមានបានរិះគន់លោក Powell ចំពោះអ្វីដែលពួកគេ បានឲ្យដឹងថា ការជួសជុលថ្លៃហួសប្រមាណ ទៅកាន់ទីស្នាក់ការកណ្តាល របស់ធនាគារកណ្ដាលអាមេរិក នៅក្នុងទីក្រុង Washington, D.C.
ការសម្រេចចិត្តនាពេលថ្មីៗនេះ ពីតុលាការកំពូលបានបង្ហាញថា ប្រធានាធិបតីខ្វះសិទ្ធិអំណាច ក្នុងការបណ្តេញមន្ត្រី ធនាគារកណ្តាលចេញពីតំណែង ។ នៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បានឲ្យដឹងថា លោកមានការសង្ស័យថា លោក ត្រាំ នឹងចាត់វិធានការបែបនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
