ព័ត៌មានអន្តរជាតិ

សភាអាមេរិក នឹងបោះឆ្នោត លើច្បាប់កាត់បន្ថយថវិកា សម្រាប់ជំនួយបរទេស និងប្រព័្ធផ្សព្វផ្សាយសាធារណៈ

Fox News

វ៉ាស៊ីនតោន៖  សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងបោះឆ្នោត លើច្បាប់កាត់បន្ថយការផ្តល់មូលនិធិ សម្រាប់ជំនួយបរទេស និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ បន្ទាប់ពីព្រឹទ្ធសភាបានអនុម័ត ។ ព្រឹទ្ធសភាអាមេរិក បានអនុម័តច្បាប់នេះ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលនឹងយកមកវិញនូវទឹកប្រាក់ចំនួន ៩ ពាន់លានដុល្លារអាមេរិក ដែលសភាបានបែងចែកសម្រាប់ជំនួយបរទេស និងប្រព័ន្ធផ្សាយសាធារណៈ។

ជាមួយនឹងលទ្ធផលបោះឆ្នោត ៥២ លើ ៤៨សំឡេង សេចក្តីព្រាងច្បាប់នេះ ត្រូវបានជំទាស់ដោយអ្នកប្រជាធិបតេយ្យគ្រប់រូប នៅក្នុងព្រឹទ្ធសភា រួមជាមួយនឹងសមាជិកព្រឹទ្ធសភា GOP ពីររូប។ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភានៃគណបក្សសាធារណរដ្ឋ លោក John Thune បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះគឺតូច ប៉ុន្តែជា “ជំហានដ៏សំខាន់មួយឆ្ពោះទៅរកអនាម័យសារពើពន្ធ” ។

ច្បាប់នេះនឹងកាត់បន្ថយថវិកាចំនួន ១.១ ពាន់លានដុល្លារ សម្រាប់សាជីវកម្មសម្រាប់ការផ្សព្វផ្សាយជាសាធារណៈ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមអ្នកអភិរក្សនិយម បានរិះគន់បណ្តាញពីរ របស់សាជីវកម្មផ្សពវផ្សាយ គឺវិទ្យុសាធារណៈជាតិ និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ដោយលំអៀងទៅខាងឆ្វេង ។ លើសពីនេះទៅទៀត GOP បានចាត់ទុកបណ្តាញនេះជាការចំណាយមិនចាំបាច់សម្រាប់អ្នកបង់ពន្ធ។

លោក Thune បាន ឲ្យដឹងកាលពីថ្ងៃអង្គារថា “សហសេវិកអ្នកប្រជាធិបតេយ្យ របស់ខ្ញុំប្រហែលជាមិនចង់ ទទួលស្គាល់វានោះទេ ប៉ុន្តែយើងមានបញ្ហា ការចំណាយធ្ងន់ធ្ងរ នៅក្នុងប្រទេសនេះ ហើយយ៉ាងហោចបំផុត ដែលយើងអាចធ្វើបានក្នុងការឆ្លើយតប គឺដើម្បីកំណត់គោលដៅ នៃការប្រើប្រាស់ខុសធ្ងន់ធ្ងរមួយចំនួន នៃប្រាក់អ្នកជាប់ពន្ធ ដែល យើងកំពុងដោះស្រាយនៅថ្ងៃនេះនៅក្នុងច្បាប់នេះ។”

សមាជិកព្រឹទ្ធសភាគណបក្ស សាធារណរដ្ឋចំនួនពីររូបបានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះ។ លោកស្រី Lisa Murkowski ម្នាក់ក្នុងចំណោមពីររូបមក ពីគណបក្សសាធារណរដ្ឋ ដែលបានបោះឆ្នោតប្រឆាំងនឹងច្បាប់នេះបានឲ្យដឹងថា “អ្នកមិនចាំបាច់រំលាយសាជីវកម្មទាំងមូល សម្រាប់ការផ្សាយជាសាធារណៈនោះទេ។

កញ្ចប់នេះក៏បានកាត់បន្ថយការផ្តល់មូលនិធិ សម្រាប់កម្មវិធី អភិវឌ្ឍន៍បរទេសមួយចំនួនផងដែរ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភាលោក Chuck Schumer បានរិះគន់ច្បាប់នេះ ហើយបានចោទ ប្រកាន់សេតវិមានថា បានដណ្តើមយកតួនាទីស្របច្បាប់ របស់សភាក្នុងការទទួលបន្ទុកលើការ ចំណាយរបស់សហព័ន្ធ។ លោកបានលើកឡើងថា “ថ្ងៃនេះ ព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រែក្លាយអង្គជំនុំជម្រះនេះទៅជាត្រាកៅស៊ូ សម្រាប់នាយកប្រតិបត្តិតាមការបញ្ជារបស់លោក ដូណាល់ ត្រាំ” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top